មន្ត្រីអ៊ុយក្រែន បានសង្កត់ធ្ងន់លើផែនការជម្លៀសអ្នកស្រុកក្នុងទីប្រជុំជន Pokrovsk ខណៈមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃសុក្រទី ០៤ ខែតុលាថា រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗប្រមាណ ៨០% នៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនសំខាន់ៗ។
អ្នកស្រុកប្រហែល ១៣.០៥០នាក់ នៅតែស្ថិតក្នុងទីប្រជុំជននេះ បន្ទាប់ពីផែនការជម្លៀសខ្លួនដែលបានបន្តអស់រយៈពេលជាច្រើនសប្តាហ៍។ កាលពីមួយខែកន្លះកន្លងទៅ ទីប្រជុំជននេះ មានប្រជាជនជាង ៤៨.000នាក់. នេះបើយោងតាមលោក Serhiy Dobriak ប្រធានរដ្ឋបាលយោធារបស់ទីប្រជុំជន Pokrovsk។
លោក Dobriak បាននិយាយថា ប្រទេសរុស្ស៊ី បានបន្តវាយលុកទីប្រជុំជននេះ កាលពីថ្ងៃព្រហស្បតិ៍ (ទី ០៣ ខែតុលា) ដោយបានទម្លាក់គ្រាប់បែកចំនួន ៩គ្រាប់ និងធ្វើឲ្យមនុស្ស ៤នាក់ រងរបួសនៅក្នុងការវាយប្រហារចំនួនពីរដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ។
កងកម្លាំងរុស្ស៊ី បានផ្តោតលើការវាយលុកដ៏ធ្ងន់បំផុតរបស់ពួកគេមួយចំនួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះលើ ទីជុំជន Pokrovsk ដែលអាចអនុញ្ញាតឲ្យខ្លួនកាន់តែរឹងមាំ និងរុលចូលទៅជួរមុខនៅក្នុងតំបន់នេះ។ រុស្ស៊ីបដិសេធការកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

