ក្រុមជួយសង្រ្គោះ នាំគ្នាជីកកាយគំនរបាក់បែកនៅក្នុងភូមិ Donja Jablanica ដើម្បីស្វែងរកមនុស្សបាត់ខ្លួននៅក្នុងទឹកជំនន់ស្លាប់មនុស្សច្រើនបំផុតនារយៈពេលជាច្រើនឆ្នាំកន្លងមកនេះរបស់ប្រទេសបូស្នី ដែលបានវាយប្រហារប្រទេសនៅតំបន់បាល់កង់មួយនេះ កាលពីថ្ងៃសុក្រ ។
លោក Darko Juka គឺជាមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ម្សិលមិញថា មនុស្ស ១៣នាក់ បានស្លាប់នៅក្នុងតំបន់ Jablanica ដែលមានចម្ងាយ ៧០គ.មភាគនិរតីទីក្រុង Sarajevo ។
កាលពីព្រឹកថ្ងៃសៅរ៍ ទូរទស្សន៍ N1 TV រាយការណ៍ថា មនុស្សយ៉ាងហោច ២១នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
គ្រឿងចក្រ បានកាយគំនរបាក់បែកដែលគ្របសង្កត់ពីលើរថយន្ត និងផ្ទះសម្បែងប្រជាពលរដ្ឋ ខណៈក្រុមជួយសង្រ្គោះ ឈរមើលក្រែងរកឃើញអ្នករស់រាន ។
ទឹកជំនន់នេះដែរ បានកើតមានឡើង បន្ទាប់ពីគ្រោះរាំងស្ងួតរដូវក្តៅដ៏អាក្រក់បំផុតពុំធ្លាប់មានពីមុន ដែលបណ្តាលឲ្យទន្លេ នឹងបឹងបួរជាច្រើន រីងស្ងួតហួតអស់ ធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងការផ្គត់ផ្គង់ទឹកនៅតាមតំបន់ជនបទ នៅទូទាំងតំបន់បាល់កង់ និងតំបន់ជាច្រើនទៀតនៅអឺរ៉ុប ។
ក្រុមព្យាករណ៍ឧតុនិយម និយាយថា ការផ្លាស់ប្តូរអាកាសធាតុដ៏អាក្រក់បែបនេះ គឺអាចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ៕


