បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានវិលត្រឡប់មកកាន់រដ្ឋ Pennsylvania ជាទីដែលលោកស្ទើតែត្រូវបានគេធ្វើឃាត ដើម្បីចូលរួមពិធីជួបជុំគ្នាជាមួយហ្វូងមនុស្សដ៏ច្រើនកុះករ នៅក្នុងរដ្ឋប្រទាញប្រទង់ដ៏សំខាន់មួយនេះ រយៈពេល ១ខែមុនការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ ។
ពេលឡើងលើវេទិកាលោក Trumpនិយាយថា ដូចដែលខ្ញុំនិយាយអញ្ចឹង ធ្វើពុតថាគាត់កំពុងបន្តសុន្ទរកថាដែលត្រូវបានកាត់ នៅពេលដែលគាត់ត្រូវគ្រាប់កាំភ្លើងចំត្រចៀកកាលពីថ្ងៃទី ១៣ ខែកក្កដា ។
នៅពាក់កណ្តាលសុន្ទរកថា លោក Trumpបានហៅឲ្យឡើងលើវេទិកានូវសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលគឺលោក Elon Musk ដែលជាប្រធានប្រតិបត្តិកក្រុមហ៊ុនរថយន្ត Tesla និងជាម្ចាស់បណ្តាញព័ត៌មានសង្គម X ។
វាគឺជាលើកដំបូងរបស់លោក Musk នៅក្នុងព្រឹត្តការណ៍យុទ្ធនាការរបស់លោក Trumpចាប់តាំងពីលោកគាំទ្រអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក្រោយថ្ងៃទី ១៣ ខែកក្កដា ។ លោក Musk បានឡើងលើវេទិកា ដោយរូបលោក លោតរួចលើកដៃឡើងលើ ។
លោក Trump បានសរសើរលោក Corey Comperatore គឺជាភ្នាក់ងារពន្លត់អគ្គិភ័យដែលត្រូវបានបាញ់សម្លាប់ដោយខ្មាំកាំភ្លើង និងមនុស្ស ២នាក់ផ្សេងទៀត ដែលបានរងរបួស ៕


