អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានធ្វើដំណើរទៅដល់ទីក្រុង Charlotte រដ្ឋ North Carolina ដើម្បីវាយតម្លៃការខូចខាតដោយសារព្យុះសង្ឃរា Helene ដែលបានវាយប្រហារបណ្តារដ្ឋនៅភាគខាងត្បូងជាច្រើន ក្រោយវាធ្វើដំណើរដល់ដីគោកក្នុងនាមជាព្យុះកម្រិតទី ៤នៅរដ្ឋ Florida កាលពីសប្តាហ៍មុន ។
លោកស្រី Harris ត្រូវបានស្វាគមន៍នៅក្នុងអាកាសយានដ្ឋានដោយអភិបាលរដ្ឋ North Carolina លោក Roy Cooper និងមន្រ្តីជាច្រើនរូបទៀត មុនពេលចូលរួមជំនួបជាមួយក្រុមមន្រ្តីគ្រប់គ្រងគ្រាអាសន្ន និងពិភាក្សាជាមួយសមាជិកកងកម្លាំងប្រដាប់អាវុធ ។
លោកស្រីបានបំពេញទស្សនកិច្ចផងដែរទៅកាន់មជ្ឈមណ្ឌលបរិច្ចាគ ជាទីដែលលោកស្រីជួយវិចខ្ចប់ជំនួយ និងនិយាយទៅកាន់ក្រុមអ្នកស្រុក ។
ដំណើរទស្សនកិច្ចរបស់លោកស្រីនេះដែរ បានកើតមានឡើង រយៈពេល ១ថ្ងៃប៉ណ្ណោះ ក្រោយគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់លោកស្រី គឺលោក Donald Trump បានចុះយុទ្ធនាការនៅទីក្រុង Fayetteville ដែលជាសហគមន៍យោធាដ៏ធំនៅក្នុងរដ្ឋ North Carolina ៕


