នាយករដ្ឋមន្រ្តីហៃទីលោក Gary Conille បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងដាក់ពង្រាយក្រុមនគរបាល និងផ្តល់ធនធានបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខនៅក្នុងទីក្រុង Pont Sonde បន្ទាប់ពីការសម្លាប់រង្គាលរបស់ក្រុមជនអន្ធពាល ដែលបានសម្លាប់មនុស្ស ៧០នាក់ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ រត់ភៀសខ្លួន ។
អំឡុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Saint Nicolas ស្ថិតក្នុងទីក្រុង Saint-Marc ជិតទីក្រុង Pont Sonde ជាទីដែលភាគច្រើននៃជនរងគ្រោះក្នុងការវាយប្រហារ ទទួលការព្យាបាលនោះ លោក Conille និយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ធនធាន ដូចជាឧទ្ធម្ភាគចក្រ ដើម្បីបន្តពង្រឹងសមត្ថភាពកងកម្លាំងរបស់ពួកយើង ។
កាលពីព្រឹកថ្ងៃសៅរ៍ ការិយាល័យទំនាក់ទំនងរបស់លោក Conille បានរាយការណ៍ថា លោកនាយករដ្ឋមន្រ្តីនឹងចាកចេញទៅកាន់ប្រទេសអារ៉ាប់រួម បន្ទាប់ពីសារព័ត៌មានក្នុងស្រុករាយការណ៍ថា លោកនឹងធ្វើដំណើរទៅកាន់អាហ្វ្រិក ដើម្បីស្វែងរកការពង្រឹងបេសកកម្មសន្តិសុខអន្តរជាតិនៅក្នុងប្រទេសហៃទី ។
ការវាយប្រហារកាលពីពេលថ្មីៗនេះ នៅក្នុងទីក្រុង Pont Sonde បានគូសបញ្ជាក់ពីជម្លោះកើនឡើងនៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ ។
យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍របស់ UNបានឲ្យដឹងថា ក្រុមជនអន្ធពាល បានដុតបំផ្លាញផ្ទះសម្បែងពលរដ្ឋយ៉ាងហោច ៤៥ខ្នង និងរថយន្ត ៣៤គ្រឿង បង្ខំឲ្យមនុស្សជាង ៦ពាន់នាក់ រត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕

