ក្រុមបាតុកររាប់ពាន់នាក់ នាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងទីក្រុង Madrid របស់ប្រទេសអេស្ប៉ាញ និងទីក្រុងផ្សេងៗជាច្រើនទៀតនៅអឺរ៉ុប ស្របពេលដែលខួប ១ឆ្នាំនៃសង្រ្គាមហ្កាហ្សា ធ្វើឲ្យមានបាតុកម្មគាំទ្រជនប៉ាឡេស្ទីននៅជុំវិញពិភពលោក ។
លោក Abderraman ដែលបានចូលរួមធ្វើបាតុកម្មនៅក្នុងរដ្ឋធានីប្រទេសអេស្ប៉ាញមួយនេះ បាននិយាយថា ត្រូវតែបញ្ចប់សង្រ្គាមមួយនេះ នៅពេលឥឡូវនេះភ្លាម ដើម្បីឲ្យគ្រោះថ្នាក់នៅភាគីទាំង ២បញ្ឈប់ ហើយនិងដើម្បីឲ្យពួកគេអាចចាប់ផ្តើមជីវិតរស់រានរបស់ពួកគេឡើងវិញបាន ដើម្បីឲ្យពួកគេមានចំណីអាហារ មានកន្លែងរស់នៅ និងទឹកផឹក ពីព្រោះថា បើសិនជាសង្រ្គាមមិនសម្លាប់ពួកគេ ក៏ភាពអត់ឃ្លានសម្លាប់ពួកគេដែរ ។
យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនជិត ៤២.០០០នាក់ និងមនុស្សស្ទើជិតទាំងអស់នៃពលរដ្ឋសរុប ២,៣លាននាក់ក្នុងតំបន់ឡោមព័ទ្ធមួយនេះ ត្រូវជម្លៀសខ្លួន ។
បាតុកម្មជាច្រើន បានធ្វើឡើងដើម្បីប្រារព្ធខួប ១ឆ្នាំនៃសង្រ្គាមហ្កាហ្សា រួមទាំងបាតុកម្មនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក៏ដូចជានៅតំបន់មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក និងប្រទេសឈីលី ផងដែរ ៕

