រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៉ាគីស្ថាន លោក Mohsin Naqvi និយាយកាលពីថ្ងៃសៅរ៍ថា នគរបាលជាង ៨០នាក់ បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមអ្នកគាំទ្ររបស់អតីតនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារលោក Imran Khan ពេលដែលពួកគេដង្ហែក្បួននៅជិតទីក្រុង Islamabad ។
ការដង្ហែរក្បួនដែលដឹកនាំដោយក្រុមមេដឹកនាំខេត្តភាគពាយ័ព្យ Khyber-Pakhtunkhwa ជាទីដែលគណបក្សរបស់លោក Khan នៅកាន់អំណាចនោះ មានគោលដៅឲ្យមានការជួបជុំគ្នានៅក្នុងរដ្ឋធានី Islamabad ប្រឆាំងនឹងបម្រាមការជួបជុំគ្នា ជំរុញឲ្យមានការដោះលែង Khan និងញុះញង់ឲ្យមានការក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាលចម្រុះ ។
គួរឲ្យដឹងថា កាលពីថ្ងៃសុក្រកន្លងទៅ ក្រុមអាជ្ញាធរនៅប្រទេសប៉ាគីស្ថាន បានបិទរដ្ឋធានី Islamabadដោយប្រើប្រាស់កុងតឺន័រ និងប្លុកសេវាទូរស័ព្ទដៃ ដើម្បីការពារការដង្ហែក្បួនតវ៉ាប្រឆាំងរដ្ឋាភិបាលដោយក្រុមអ្នកគាំទ្រអតីតនាយករដ្ឋមន្រ្តីជាប់ពន្ធនាគារលោក Imran Khan ។
លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ Naqvi បាននិយាយប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ថា បើសិនជានរណាម្នាក់បន្តផែនការនេះ ដើម្បីវាយប្រហារទីក្រុង Islamabad លោកសូមនិយាយប្រាប់អ្នករទុកជាមុនថា លោកនឹងមិនអត់ធ្មត់នោះឡើយ ៕

