អ៊ីស្រាអែល បានដាក់កងកម្លាំងរបស់ខ្លួនឱ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់បំផុតកាលពីថ្ងៃសៅរ៍ (០៥ តុលា) នៅមុនថ្ងៃខួបនៃការវាយប្រហារថ្ងៃទី០៧ ខែតុលា របស់ក្រុមហាម៉ាស បន្ទាប់ពីក្រុមមន្ត្រីយោធានិយាយថា អ៊ីស្រាអែលក៏កំពុងរៀបចំការសងសឹករបស់ខ្លួនចំពោះការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។
ការដាស់តឿននេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែល កំពុងចូលរួមក្នុងសង្គ្រាមកាន់តែខ្លាំងឡើងជាមួយក្រុមហេសបូឡា របស់លីបង់ ដែលប្រមុខទ័ពអ៊ីស្រាអែល លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយថា នឹងត្រូវវាយប្រហារ “ដោយគ្មានការសម្បទាន ឬបន្ធូរបន្ថយ”។
នៅមុនថ្ងៃគម្រប់ខួប ៧ តុលា អ្នកនាំពាក្យយោធា លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសន្និសីទមួយថា “យើងត្រៀមខ្លួនជាមួយនឹងការបង្កើនកម្លាំងយ៉ារឹងមាំនៅក្នុងការរំពឹងទុក” ថាអាចមាន “ការវាយប្រហារនៅសមរភូមិមុខក្នុងប្រទេស”។
ការវាយប្រហារថ្ងៃទី០៧ ខែតុលា លើ អ៊ីស្រាអែល ដោយក្រុមហាម៉ាស បានបណ្តាលឱ្យមនុស្សប្រហែល ១២.០០នាក់បានស្លាប់ ភាគច្រើនជាជនស៊ីវិល នេះបើផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។ មួយឆ្នាំក្រោយមក សង្រ្គាមនៅហ្កាហ្សានៅតែបន្ត ដោយមនុស្សជិត ៤២.០០០នាក់ត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា ខណៈអ៊ីស្រាអែល បានផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅភាគខាងជើងជាប់ព្រំដែនលីបង់ និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។
បាតុកររាប់ពាន់នាក់បានចេញតវ៉ាតាមដងផ្លូវក្នុងទីក្រុងធំៗជុំវិញពិភពលោកកាលពីថ្ងៃសៅរ៍ ទាមទារឱ្យបញ្ចប់ការបង្ហូរឈាមនៅតំបន់ហ្កាហ្សា និងបញ្ចៀសសង្រ្គាមតំបន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ ខណៈការចាប់ផ្តើមនៃសង្គ្រាមអ៊ីស្រាអែល នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ជិតដល់ខួបលើកទីមួយ៕


