ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំចិន និងកូរ៉េខាងជើង នៅថ្ងៃអាទិត្យ (០៦ តុលា) នេះបានធ្វើការដោះដូរពាក្យសន្យានៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
នៅក្នុងសារមួយទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកសរសើរការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើង ហើយបេ្ដជ្ញារួមគ្នាបន្តដឹកនាំ និងជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងភាគីទាំងពីរ៕
លោក ស៊ី បន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ត “សរសេរជំពូកថ្មី” នៃទំនាក់ទំនងតាមរយៈការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ។ ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កូរ៉េខាងជើង ហើយប្រទេសទាំងពីរបានចែករំលែកប្រវត្តិសាស្រ្តតាំងតែពីការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះទីក្រុងព្យុងយ៉ាង ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-១៩៥៣ មក។
មេដឹកនាំកូរ៉េខាងជើង លោក គីម បានសន្យាថានឹង “ខិតខំយ៉ាងខ្ជាប់ខ្ជួនដើម្បីបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងចិន តាមតម្រូវការនៃយុគសម័យថ្មី” នៅក្នុងសាររបស់លោកទៅកាន់លោក ស៊ី ជីនពីង នៅថ្ងៃអាទិត្យដដែលនេះ៕


