បារាំង និងអ៊ីស្រាអែល បានប៉ះទង្គិចពាក្យសម្ដី បន្ទាប់ពីលោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានអំពាវនាវកាលពីថ្ងៃសៅរ៍ (០៥ តុលា) ឱ្យបញ្ឈប់ការចែកចាយអាវុធទៅឱ្យអ៊ីស្រាអែល សម្រាប់ប្រើប្រាស់នៅក្នុងតំបន់ហ្កាហ្សា ដែលធ្វើឱ្យមានការឆ្លើយតបយ៉ាងមុតមាំពីលោកនាយករដ្ឋមន្ត្រី បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu)។
លោក Macron ក៏បានរិះគន់ការសម្រេចចិត្តរបស់លោក Netanyahu ក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រតិបត្តិការជើងគោកនៅលីបង់។ ប្រធានាធិបតីបារាំងរូបនេះ បានប្រាប់ទូរទស្សន៍មួយថា “អាទិភាពពេលនេះគឺត្រឡប់ទៅរកដំណោះស្រាយនយោបាយ ហើយឈប់ផ្តល់អាវុធទៅប្រយុទ្ធនៅហ្កាហ្សា”។ លោក Macron បានបន្ថែមក្នុងពេលសម្ភាសន៍មួយថា៖ «ពេលនេះ បារាំង មិនបានផ្តល់សព្វាវុធអ្វីនោះទេ»។
ការលើកឡើងរបស់លោក Macron បាននាំមកនូវការឆ្លើយតបយ៉ាងរហ័សពីលោក Netanyahu។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែលកំពុងអ៊ីស្រាអែល ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងដ៏ឃោរឃៅដែលដឹកនាំដោយអ៊ីរ៉ង់ បណ្ដាប្រទេសទាំងអស់ក្នុងពិភពលោកគួរតែគាំទ្រយ៉ាងរឹងមាំដល់ភាគីអ៊ីស្រាអែល។ ប៉ុន្តែ លោកប្រធានាធិបតី Macron និងមេដឹកនាំលោកខាងលិចផ្សេងទៀត ឥឡូវនេះបែរជាកំពុងអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល ទៅវិញ”។
ការិយាល័យរបស់លោក Macron បានឆ្លើយតបជាមួយនឹងសេចក្តីថ្លែងការណ៍របស់ខ្លួននៅល្ងាចថ្ងៃសៅរ៍ថា៖ បារាំងគឺជា “មិត្តដ៏ខ្ជាប់ខ្ជួនរបស់អ៊ីស្រាអែល” ដោយបានពណ៌នាប្រតិកម្មរបស់លោក Netanyahu ថា “ហួសហេតុ និងមានលក្ខណៈកាត់ផ្តាច់ពីមិត្តភាពរវាងបារាំង និងអ៊ីស្រាអែល”៕


