ការស្ទុះងើបឡើងវិញនៃសកម្មភាពផលិតកម្មសកលនៅតែទន់ខ្សោយនៅក្នុងខែកញ្ញា ដោយសន្ទស្សន៍គ្រប់គ្រងការបញ្ជាទិញ (PMI) សកលបានធ្លាក់ចុះបន្តិចពីខែមុន នេះបើយោងតាមសហព័ន្ធភស្តុភារ និងការបញ្ជាទិញរបស់ប្រទេសចិន នៅថ្ងៃអាទិត្យ (០៦ តុលា) នេះ។
សន្ទស្សន៍ PMI នៃផលិតកម្មសកល បានឈរនៅកម្រិត ៤៨,៨% នៅក្នុងខែកញ្ញា ដោយធ្លាក់ចុះ ០,១% ពីខែមុននោះដែលនៅប្រហែល ៤៩% សម្រាប់រយៈពេលបីខែជាប់ៗគ្នា នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយសហព័ន្ធ។ សូមបញ្ជាក់ថា សន្ទស្សន៍ PMI លើសពី ៥០% បង្ហាញពីការពង្រីក ខណៈពេលដែលអំណានក្រោម ៥០% ឆ្លុះបញ្ចាំងពីការបង្រួម។
តាមតំបន់ សន្ទស្សន៍ផលិតកម្ម PMI របស់អាស៊ី គឺ ៥០,៧% ក្នុងខែកញ្ញា ដោយបញ្ចប់និន្នាការនៃការធ្លាក់ចុះរយៈពេល ២ខែជាប់គ្នា ជាមួយនឹងការកើនឡើងបន្តិច ០,១% ពីខែមុននោះ។ តួលេខនេះបានបន្តលើសពី ៥០% សម្រាប់រយៈពេលប្រាំបួនខែជាប់ៗគ្នា។
សន្ទស្សន៍ PMI សម្រាប់ទ្វីបអាហ្រ្វិកមាន ៥០,៣% ពោលគឺកើនឡើង ១,៩% ធៀបនឹងខែសីហា។ វិស័យផលិតកម្មរបស់អឺរ៉ុប បានបង្ហាញពីនិន្នាការធ្លាក់ចុះនៅក្នុងខែកញ្ញា ដោយ PMI បានធ្លាក់ចុះ ០,៧% ពីខែមុនមកត្រឹម ៤៧,៣% ប៉ុណ្ណោះ។ PMI របស់ទ្វីបអាមេរិកគឺ ៤៧,៨% ក្នុងខែកញ្ញា ដោយនេះជាកំណើន ០,២។
សរុបមក ការផ្លាស់ប្តូរនៅក្នុងសមាសធាតុសន្ទស្សន៍នេះបង្ហាញពីការថយចុះបន្តិចនៃការស្ទុះងើបឡើងវិញនៃវិស័យផលិតកម្មសកលបើធៀបនឹងខែសីហា ហើយសន្ទុះនៃការស្ទុះងើបឡើងវិញទាំងមូលនៃសេដ្ឋកិច្ចនៅតែត្រូវពង្រឹងបន្ថែមទៀត៕


