ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសៅរ៍ (០៥ តុលា) ថា អ៊ុយក្រែន នឹងបង្ហាញ “ផែនការជ័យជ្នះ” របស់ខ្លួនដល់សម្ព័ន្ធមិត្តនៅក្នុងប្រទេសអាល្លឺម៉ង់ នៅចុងសប្តាហ៍ក្រោយនេះ ដែលជាការសាកល្បងនៃការគាំទ្រសម្រាប់ចក្ខុវិស័យរបស់ទីក្រុងគីវ ស្តីពីការបញ្ចប់សង្រ្គាមជាមួយរុស្ស៊ី។
លោក Zelenskiy បានសរសេរនៅលើកម្មវិធីផ្ញើសារតេលេក្រាមថា “យើងនឹងបង្ហាញផែនការជ័យជម្នះ ច្បាស់លាស់ និងជំហានជាក់លាក់សម្រាប់ការបញ្ចប់សង្រ្គាម”។ សូមបញ្ជាក់ថា លោក Zelenskiy នឹងជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងមេដឹកនាំផ្សេងទៀតនៅក្នុងកិច្ចប្រជុំជាប្រចាំដ៏សំខាន់នៃអង្គការណាតូ និងសម្ព័ន្ធមិត្តផ្សេងទៀតរបស់ទីក្រុងគីវ នៅឯមូលដ្ឋានទ័ពអាកាសអាមេរិក រាំស្តែន (Ramstein) ក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១២ ខែតុលា។
លោក Zelenskiy កាលពីសប្តាហ៍មុន បានបង្ហាញផែនការនោះដល់លោក Biden និងបេក្ខភាពប្រធានាធិបតីទាំងពីរគឺ លោកស្រី Kamala Harris និងលោក Donald Trump ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ បន្ទាប់ពីការបង្ហើបជាច្រើនខែរបស់ទីក្រុងគីវ អំពីមធ្យោបាយបញ្ចប់សង្រ្គាម។ សេតវិមានបាននិយាយថា ផែនការរបស់លោក Zelenskiy មាន “ជំហានផ្លែផ្កាជាច្រើន”។
ប៉ុន្តែមន្ត្រីអាមេរិកម្នាក់បានពណ៌នាថា នោះហាក់ដូចជាសំណើដែលបានកែប្រែឡើងវិញសម្រាប់សព្វាវុធបន្ថែមទៀត និងដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ។ មន្ត្រីរូបនេះបន្ថែមថា ផែនការនោះបានសន្មតជាមុនថា នៅទីបំផុតនឹងមើលឃើញជាការបរាជ័យរបស់រុស្ស៊ី ក្នុងសង្គ្រាម។ មន្ត្រីខ្លះទៀតយល់ឃើញថា គោលបំណងនោះជារឿងមិនជាក់ស្ដែងទាល់តែសោះ៕


