មន្ត្រីសុខាភិបាលកុងហ្គោ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) ជាលើកដំបូងរបស់ពួកគេកាលពីថ្ងៃសៅរ៍ (០៥ តុលា) ដែលជាជំហានដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺរាតត្បាតដែលបានរីករាលដាលនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ទៅកាន់ប្រទេសអាហ្វ្រិកជាច្រើនផ្សេងទៀតនៅឆ្នាំនេះ។
ក្រុមមន្ត្រីបានចាប់ផ្តើមការចាក់ថ្នាំបង្ការនៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុង ហ្កូម៉ា (Goma) ភាគខាងកើត ជាទីដែលបុគ្គលិកសុខាភិបាលបានតម្រង់ជួរមុនគេដើម្បីទទួលវ៉ាក់សាំង។ ក្រសួងសុខាភិបាល បានព្រមានកាលពីថ្ងៃសុក្រថា វិសាលភាពនៃយុទ្ធនាការនេះនឹងមានតិចតួចណាស់ដោយសារតែធនធានមានកម្រិត។ នៅពេលនេះ កុងហ្គោមានវ៉ាក់សាំងត្រឹមតែ ២៦៥.០០០ដូសប៉ុណ្ណោះ ខណៈថ្នាំជាច្រើនទៀតកំពុងស្ថិតក្នុងការដឹកជញ្ជូន។
ការចាក់វ៉ាក់សាំងនេះជាកិច្ចចាប់ផ្តើមដើម្បីដោះស្រាយការមិនស្មើភាពដ៏ធំមួយ ដែលធ្វើឱ្យបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកមិនមានលទ្ធភាពទទួលបានការចាក់ថ្នាំបង្ការត្រឹមតែពីរដូសដែលត្រូវការដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះជំងឺអុតស្វាជាសកលនៅឆ្នាំ២០២២ ខណៈពេលដែលវ៉ាក់សាំងទាំងនោះមានយ៉ាងទូលំទូលាយនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
អុតស្វា អាចឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ដែលជាធម្មតាមានកម្រិតស្រាល ប៉ុន្តែក៏អាចបណ្ដាលឱ្យស្លាប់បានក្នុងករណីកម្រ។ ជាធម្មតាជំងឺនេះបណ្តាលឱ្យមានរោគសញ្ញាដូចជំងឺផ្តាសាយ និងដំបៅដែលពោរពេញដោយខ្ទុះនៅលើរាងកាយ។ កុងហ្គោ បានរាយការណ៍ករណីសង្ស័យ និងបញ្ជាក់ជាង ៣០.០០០នាក់ ហើយមានអ្នកស្លាប់ចំនួន ៩៩០នាក់ចាប់តាំងពីដើមឆ្នាំ២០២៤ ដែលស្មើនឹង ៩០% នៃករណីដែលបានរាយការណ៍ពីទ្វីបអាហ្រ្វិកមកទល់ពេលនេះ នេះបើយោងតាមអង្គការសុខភាពពិភពលោក៕


