រដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក ប្រុយណូ រ៉េតៃឡូ (Bruno Retailleau) បាននិយាយកាលពីថ្ងៃសៅរ៍ (០៥ តុលា) ថា មនុស្សជាច្រើននាក់ រួមទាំងកុមារម្នាក់បានស្លាប់ ក្នុងពេលព្យាយាមឆ្លងផ្លូវទឹកតាមសមុទ្រពីប្រទេសបារាំ ងទៅកាន់ដែនដីអង់គ្លេស។ ការព្យាយាមឆ្លងកាត់ផ្លូវទឹកតាមរយៈទូកតូចៗដែលផ្ទុកលើសទម្ងន់គឺកើតមានជាញឹកញាប់ណាស់ បើទោះបីជាមានចរន្តខ្លាំងនៅក្នុងអ្វីដែលជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតរបស់ពិភពលោកក៏ដោយ។
លោក Retailleau បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “ក្រុមរត់ពន្ធមនុស្សជាអ្នកទទួលខុសត្រូវលើសោកនាដកម្មទាំងនេះ ហើយរដ្ឋាភិបាលបារាំង នឹងបង្កើនការប្រយុទ្ធប្រឆាំងនឹងក្រុមម៉ាហ្វីយ៉ា ដែលរៀបចំការឆ្លងកាត់ដែលនាំឱ្យមនុស្សស្លាប់យ៉ាងច្រើនទាំងនេះ" ។
មិនមានការបញ្ជាក់តួលេខអ្នកស្លាប់ពិតប្រាកដនោះទេ ខណៈមានមនុស្សសរុប ១៤នាក់នៅលើទូកនោះ។ អាជ្ញាធរដែនសមុទ្រក្នុងតំបន់បាននិយាយថា មនុស្សម្នាក់ត្រូវបានសង្រ្គោះហើយនាំទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍។
ឧបទ្ទវហេតុនេះគឺជាសោកនាដកម្មចុងក្រោយបង្អស់នៅក្នុងឆ្នាំនេះ រួមទាំងមួយកាលពីខែមុន ដែលជនអន្តោប្រវេសន៍ចំនួន ១២នាក់ បានស្លាប់នៅពេលទូករបស់ពួកគេលិចនៅក្នុងផ្លូវទឹកនោះ៕


