ប្រដាល់សកល៖ ការប្រកួតកីឡាប្រដាល់សកល នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុង Rio ប្រទេសប្រេស៊ីលកាលពីឆ្នាំ២០១៦ មួយចំនួនត្រូវបានគេស៊ើបអង្កេតឃើញថា មានអំពើពុករលួយរៀបចំលទ្ធផលទុកជាមុន។ ការប្រកួតវិញ្ញាសាប្រដាល់សកល កីឡាករអៀកឡង់ Michael Conlan និងកីឡាកររុស្ស៊ី Vladimir Nikitin ត្រូវបានគេដឹងថាមិនប្រក្រតី។

ក្រុមស៊ើបអង្កេតដែលមានលោក Richard McLaren ត្រូវបានតែងតាំងដោយសមាគមកីឡាប្រដាល់អន្តរជាតិ AIBA ហើយក៏រកឃើញថា មន្ត្រីអាជ្ញាកណ្តាល និងចៅក្រមទាំងប៉ុន្មាននាក់នោះសុទ្ធតែនៅពីក្រោយការរៀបចំលទ្ធផលទុកជាមុននោះ។ ការប្រកួតនោះជ័យជំនះបានទៅកីឡាកររុស្ស៊ី Vladimir Nikitin ដែលធ្វើឱ្យគូប្រកួត Michael Conlan នោះខកបំណង និងឈានដល់បង្ហាញម្រាមដៃកណ្តាលទៅគូភាគី ដោយគេដឹងច្បាស់ថា ពិតជាមានអំពើពុករលួយនៅពីក្រោយការដាក់ពិន្ទុ។ Conlan គឺជាម្ចាស់ជើងឯកពិភពលោក និងអឺរ៉ុបនៅពេលនោះ តែបរាជ័យនៅថ្វីដៃ Vladimir Nikitin នោះហាក់ដូចជាផុយស្រួយ។
មិនត្រឹមតែប្រកួតមួយគូនេះទេ ជំនួបរវាងកីឡាកររុស្ស៊ី Evgeny Tischenko និងកីឡាករកាហ្សាក់ស្ថាន Vasily Levit វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាសទំងន់ធ្ងន់ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងកីឡាករអង់គ្លេស Joe Joyce និង កីឡាករបារាំង Tony Yoka និងការប្រកួតមួយចំនួនទៀតសុទ្ធតែមានបញ្ហា៕
អត្ថបទ៖នាង សុភាវុធ