ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន៣៧៤នាក់ នៃឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤។

ក្រោមបរិយាកាសដ៏រីករាយនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ក្តៅបំផុតជូនចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មី ទាំង៣៧៤រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនោះ។ ឯកឧត្តម បានចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ការសម្រេចចិត្តរបស់បងប្អូនប្រជាពលរដ្ឋ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយហេតុថា ការចូលរួមនេះមិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលឹកពីប្រវត្តិសាស្រ្ត នៃការតស៊ូលះបង់ និងស្នាដៃក្នុងការសម្រេចសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺរំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការរួបរួមសាមគ្គី ក្នុងការបន្តចូលរួមផ្លាស់ប្តូរមុខមាត់ របស់ព្រះរាជណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺតែម្តង។

ឯកឧត្តម បានបញ្ជាក់ថា ការអភិវឌ្ឍបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាណាត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បន្តបេសកកម្ម និងបុព្វហេតុពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រី្ត ដើម្បីដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយជូនប្រជាជនកម្ពុជាគ្រប់រូប៕ អត្ថបទ រដ្ឋា





