នគរបាលអ៊ីស្រាអែល បាននិយាយនៅព្រឹកថ្ងៃចន្ទ (០៧ តុលា) នេះថា គ្រាប់រ៉ូកែតរបស់ក្រុម ហេសបូឡា បានវាយប្រហារលើទីក្រុង ហៃហ្វា (Haifa) ដែលជាក្រុងធំទី៣ របស់អ៊ីស្រាអែល ហើយប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មនុស្សយ៉ាងតិច ១០នាក់ បានរងរបួសនៅភាគខាងជើងរបស់ប្រទេស។

ក្រុមហេសបូឡា និយាយថា ខ្លួនបានកំណត់គោលដៅលើមូលដ្ឋានយោធាមួយនៅភាគខាងត្បូងទីក្រុង Haifa ជាមួយនឹងគ្រាប់មីស៊ីលឈ្មោះថា “ហ្វាឌី១” (Fadi1)។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ និយាយថា រ៉ូកែតពីរគ្រាប់បានវាយប្រហារលើក្រុង Haifa នៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់អ៊ីស្រាអែល និងប្រាំគ្រាប់ផ្សេងទៀតបានវាយប្រហារទីក្រុងភាគខាងជើង ទីប៊ឺរ៉ាស (Tiberias) ចម្ងាយ ៦៥គីឡូម៉ែត្រពីគ្នា ។

នគរបាលនិយាយថា អគារ និងលំនៅឋានមួយចំនួនបានរងការខូចខាត ហើយមានរបាយការណ៍ជាច្រើននៃការរងរបួសស្រាល ដោយមនុស្សមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ យោធាអ៊ីស្រាអែល និយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារបកវិញលើគោលដៅដែលជាកម្មសិទ្ធិរបស់ទីស្នាក់ការកណ្តាលចារកម្មរបស់ក្រុមហេសបូឡា នៅទីក្រុងបេរូត រួមទាំងមធ្យោបាយប្រមូលផ្តុំស៊ើបការណ៍ មជ្ឈមណ្ឌលបញ្ជាការ និងទីតាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។

អ៊ីស្រាអែល បានចោទក្រុមសកម្មប្រយុទ្ធនៅលីបង់មួយនេះថាមានចេតនាបង្កប់មជ្ឈមណ្ឌលបញ្ជា និងសព្វាវុធរបស់ខ្លួននៅក្រោមអគារលំនៅដ្ឋាននៅកណ្តាលទីក្រុងបេរូត និងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល៕