រដ្ឋ ហ្វ្លរីដា (Florida) កាលពីថ្ងៃអាទិត្យ (០៦ តុលា) បានត្រៀមរៀបចំការជម្លៀសដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៧ មក នៅពេលដែលខ្យល់ព្យុះសង្ឈរា មីលតុន (Milton) កំពុងបង្កើនកម្លាំងនៅក្នុងឈូងសមុទ្រម៉ិកស៊ិក នៅលើផ្លូវឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរដ្ឋរបស់អាមេរិកមួយនេះ ដែលទើបតែរងគ្រោះពីព្យុះសង្ឈរា ហេលេន (Helene) ដ៏បំផ្លិចបំផ្លាញដែលសម្លាប់មនុស្សជាង ២០០នាក់ និងកំពុងតែងើបឡើងវិញពីគ្រោះធម្មជាតិនេះនៅឡើយ។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក NHC បាននិយាយថា ព្យុះ Milton ដែលបានពង្រឹងពីព្យុះត្រូពិចទៅជាព្យុះសង្ឃរាកាលពីថ្ងៃអាទិត្យ ត្រូវបានគេព្យាករថានឹងបោកបក់ដល់ដីនៅថ្ងៃពុធ (០៩ តុលា) ខាងមុខនេះជាព្យុះសង្ឃរាដ៏ធំមួយ ដែលទំនងជាវាយប្រហារនៅជិតតំបន់ឆ្នេរ ថាមប៉ា បេ (Tampa Bay) ដែលមានប្រជាជនរស់នៅច្រើនកុះករ។

ព្យុះថ្មីនេះត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់តំបន់ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរពីមុនរួចមកហើយដោយព្យុះ Helene ដែលបានបោកបក់ដល់ដីនៅចុងភាគខាងជើងកាលពីថ្ងៃទី២៦ ខែកញ្ញា។ អភិបាលរដ្ឋ Florida លោក រ៉ន ដឺសេនទីស (Ron DeSantis) បានព្រមានពីឥទ្ធិពលនៃព្យុះ Milton ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់កាន់តែខ្លាំងបើប្រៀបធៀបទៅនឹងព្យុះ Helene។
នគរបាលបានប្រាប់សន្និសីទសារព័ត៌មានមួយថា តំបន់ ភីនេឡាស (Pinellas) ដែលរាប់បញ្ចូលទាំងទីក្រុង សេន ភីធើស្បើក (St. Petersburg) នៅថ្ងៃចន្ទ (០៧ តុលា) នេះនឹងដាក់ចេញការជម្លៀសជាចាំបាច់សម្រាប់មនុស្សជាងកន្លះលាននាក់នៅក្នុងតំបន់ទំនាបដែលទាបបំផុត៕