មន្ត្រីសុខាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា ថា ទឹកជំនន់ដ៏គំហុកនៅតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសថៃក្នុងខេត្តឈៀងម៉ៃ (Chiang Mai)បានសម្លាប់មនុស្ស ៣នាក់ ខណៈអ្នកទេសចរត្រូវបានជម្លៀសចេញពីសណ្ឋាគារតាមទឹកលាយឡំជាមួយល្បប់ជម្រៅត្រឹមជង្គង់ ហើយហាងនានាបានបិទនៅកណ្តាលទីក្រុង។

អ្នកចិញ្ចឹមដំរីបាននិយាយកាលពីថ្ងៃអាទិត្យថា ដំរីពីរក្បាលក៏បានលង់ទឹកងាប់ផងដែរ ដោយសារកម្ពស់ទឹកហក់ឡើងយ៉ាងឆាប់រហ័សនៅភាគខាងជើងនៃទីក្រុងនេះ។

នៅកណ្តាលទីក្រុងឈៀងម៉ៃ ប្រជាជនបានដើរឆ្លងកាត់ទឹកជំនន់នៅក្នុងផ្សាររាត្រី ហើយទឹកបានហូរចូលទៅក្នុងស្ថានីយ៍រថភ្លើង ដែលឥឡូវនេះត្រូវបានបិទ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចាស់ជរា និងកុមាររាប់ពាន់នាក់កំពុងត្រូវការអាហារ និងការជម្លៀសចេញ បន្ទាប់ពីទន្លេ Ping បានហក់ឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រកាលពីយប់ថ្ងៃសៅរ៍។
ក្រុមអាជ្ញាធរបាននិយាយថា គិតត្រឹមថ្ងៃអាទិត្យ កម្រិតទឹកបានស្រកចុះបន្តិច។
មន្ទីរទប់ស្កាត់និងសម្រាលគ្រោះមហន្តរាយបាននិយាយកាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ន ខេត្តចំនួន៧៦របស់ប្រទេសថៃត្រូវបានទឹកជន់លិច។
គួររម្លឹកថា កាលពីខែមុនទឹកជំនន់ និងបំណាក់ដីបណ្ដាលមកពីព្យុះYagi បានសម្លាប់មនុស្សជាង៤០នាក់ នៅក្នុងប្រទេសថៃ៕