ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា ការខាតបង់ចំនួនកងទ័ពសរុបរបស់ទីក្រុងគីវ (Kiev) ពីការលុកលុយរបស់ខ្លួនចូលទៅក្នុងតំបន់ ឃើស (Kursk) របស់ប្រទេសរុស្ស៊ី បានកើនជាង ២០.០០០នាក់។ កងទ័ពរុស្ស៊ីបានបន្តវាយទប់ទល់ការវាយលុករបស់ពួកគេនៅក្នុងតំបន់នេះ ខណៈកំពុងរារាំងអង្គភាពអ៊ុយក្រែនបន្ថែមទៀតមិនឲ្យឆ្លងចូលទៅក្នុងតំបន់នោះ។

របាយការណ៍របស់ក្រសួងការពារជាតិដដែលបាននិយាយថា យោធាអ៊ុយក្រែនបានបាត់បង់ទាហានប្រហែល ២០០ នាក់ក្នុងរយៈពេល២៤ ម៉ោងកន្លងមកនេះ។ យោធារុស្ស៊ីបានកត់សម្គាល់ថា គ្រឿងសព្វាវុធរបស់អ៊ុយក្រែនជាច្រើនត្រូវបានបំផ្លាញផងដែរក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ រួមទាំងប្រព័ន្ធកាំភ្លើងធំ កាំភ្លើងត្បាល់ចំនួន ៣ និងរថយន្តពីរគ្រឿង ខណៈទាហានអ៊ុយក្រែនម្នាក់បានទម្លាក់អាវុធសុំចុះចាញ់។

ក្រសួងបានអះអាងថា ចំនួនទាហានអ៊ុយក្រែនសរុបដែលបានស្លាប់ក្នុងការប្រយុទ្ធគ្នាក្នុងតំបន់ព្រំដែនរុស្ស៊ីមានលើសពី ២០.៨០០នាក់។ ក្រុងគីវក៏បានបាត់បង់រថក្រោះជាង ១៣០ គ្រឿង រថពាសដែកប្រយុទ្ធចំនួន ៦៦ គ្រឿង និងរថពាសដែកដឹកកងទ័ពជិត ១០០ គ្រឿងក្នុងអំឡុងប្រតិបត្តិការ ដែលត្រូវបានអនុវត្តន៍កាលពីដើមខែសីហា នេះបើយោងតាមការប៉ាន់ប្រមាណរបស់យោធារុស្ស៊ី។

ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងរុស្ស៊ីក៏បានបញ្ឈប់ការវាយបករបស់អ៊ុយក្រែនចំនួន ៤លើកនៅក្នុងតំបន់ និងការប៉ុនប៉ងឆ្លងចូលទៅក្នុងទឹកដីរុស្ស៊ីចំនួន ២ លើកផងដែរ៕