អ្នកគាំទ្រប្រធានាធិបតីទុយនីស៊ីបច្ចុប្បន្ន លោក Kais Saied បានចាប់ផ្តើមអបអរនៅក្នុងរដ្ឋធានី កាលពីយប់ថ្ងៃអាទិត្យ ទី៦ ខែតុលា បន្ទាប់ពីការស្ទង់មតិក្រោយការបោះឆ្នោត ចេញផ្សាយតាមទូរទស្សន៍រដ្ឋ បានបង្ហាញថាលោកទទួលជ័យជម្នះ ដោយឈ្នះលើគូប្រជែងពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេ ពេលនេះកំពុងជាប់ពន្ធនាគារ។

លោក Saied កាលពីថ្ងៃអាទិត្យ បានប្រឈមមុខនឹងគូប្រជែង២រូបក្នុងការបោះឆ្នោត មានអតីតសម្ព័ន្ធមិត្តរបស់លោកដែលបានក្លាយជាអ្នករិះគន់ជាមេដឹកនាំគណបក្ស Chaab គឺលោក Zouhair Maghzaoui និងលោក Ayachi Zammel ដែលបានជាប់ពន្ធនាគារកាលពីខែមុន។

លទ្ធផលផ្លូវការ មិនត្រូវបានគេរំពឹងទុកទេនោះទេ រហូតដល់ល្ងាចថ្ងៃចន្ទនេះ ប៉ុន្តែការស្ទង់មតិក្រោយការបោះឆ្នោត ចេញដោយក្រុមហ៊ុន Sigma ជាទីភ្នាក់ងារបោះឆ្នោតមួយបានបង្ហាញថា លោក Saied នាំមុខមានសំឡេងគាំទ្រ ៨៩,២ ភាគរយ នេះបើយោងតាមទូរទស្សន៍រដ្ឋ។
នៅក្នុងការអត្ថាធិប្បាយដំបូងរបស់លោក លោក Saied បានប្រាប់ទូរទស្សន៍រដ្ឋថា «នេះគឺជាការបន្តការធ្វើបដិវត្តន៍ យើងនឹងកសាង ហើយនឹងសម្អាតប្រទេសពីអំពើពុករលួយ ជនក្បត់ជាតិ និងអ្នកឃុបឃិតគ្នា»។
យុទ្ធនាការរបស់ លោក Zammel និងលោក Maghzaoui បានច្រានចោលលទ្ធផលនៃការបោះឆ្នោតដោយនិយាយថាលទ្ធផលពិត នឹងខុសគ្នា។
នៅលើផ្លូវធំ ក្នុងរដ្ឋធានីទុយនីស អ្នកអបអរបានលើករូបភាពរបស់ លោក Saied និងទង់ជាតិទុយនីស៊ី ដោយស្រែកថា «ប្រជាជនចង់កសាង និងអភិវឌ្ឍ» ។