ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា អ្នកទស្សនា៥នាក់បានស្លាប់ ដោយសារជំងឺសុរិយរោគដែលសង្ស័យ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា នៅក្នុងពិព័រណ៍របស់កងកម្លាំងទ័ពអាកាសប្រទេសឥណ្ឌា ខណៈមនុស្សច្រើនជាងការរំពឹងទុក បានមកប្រមូលផ្តុំគ្នានៅតាមបណ្តោយឆ្នេរមួយកន្លែងក្នុងទីក្រុង Chennai ភាគខាងត្បូង ប្រទេសឥណ្ឌា។

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបានដកស្រង់សម្តីមន្ត្រីនគរបាលក្នុងទីក្រុង Chennai បាននិយាយថា អ្នកស្លាប់ គឺបណ្តាលមកពីការខ្សោះជាតិទឹក ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើននិយាយថា មនុស្សរាប់រយនាក់ ដែលបានមកចូលរួមក្នុងពិព័រណ៍អាកាស បានដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែជំងឺសុរិយរោគ។

អ្នកទស្សនារាប់ពាន់នាក់ បានចាកចេញពីទីតាំងនេះភ្លាមៗ បន្ទាប់ពីកម្មវិធីបានធ្វើកកស្ទះចរាចរណ៍ នៅតាមដងផ្លូវ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល បាននិយាយថា ការបង្ហាញពិព័រណ៍អាកាសនៅឯឆ្នេរ Marina ក្នុងទីក្រុង Chennai គឺដើម្បីប្រារព្ធទិវាកងទ័ពអាកាស ដែលបានចូលរួមដោយមនុស្ស ១,៥លាននាក់។