ក្រុមវេជ្ជបណ្ឌិតដែលកំពុងតវ៉ានៅទីក្រុង Kolkata ភាគខាងកើតប្រទេសឥណ្ឌា បានចាប់ផ្តើមធ្វើកូដកម្មអត់អាហារ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា ដើម្បីទាមទាររកយុត្តិធម៌សម្រាប់វេជ្ជបណ្ឌិតម្នាក់ដែលត្រូវបានរំលោភ និងសម្លាប់ កាលពីខែសីហា។

ក្រុមវេជ្ជបណ្ឌិតមកពីរដ្ឋ West Bengal តំណាងឱ្យគ្រូពេទ្យប្រហែល ៧.០០០នាក់ នៅក្នុងរដ្ឋបានប្រកាសកូដកម្មពេញលេញ កាលពីថ្ងៃអង្គារ ទី១ ខែតុលា បន្ទាប់ពីបង្ហាញការខកចិត្តចំពោះរដ្ឋាភិបាល និងតុលាការ។
ទោះបីជាយ៉ាងណា វេជ្ជបណ្ឌិតនៅទីក្រុង Kolkata នៅពេលនេះបានប្រកាសថានឹងត្រឡប់ចូលទៅធ្វើការវិញ និងបាននិយាយថា មានតែវេជ្ជបណ្ឌិត៦នាក់ប៉ុណ្ណោះក្នុងចំណោមពួកគេ នឹងអង្គុយធ្វើកូដកម្មអត់អាហារមិនកំណត់ពេល រហូតដល់ការទាមទារត្រូវបានបំពេញ។

តុលាការកំពូល នៅក្នុងសវនាការចុងក្រោយរបស់ខ្លួន បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋដាក់វិធានការទាំងអស់នៅត្រឹមថ្ងៃទី១៥ ខែតុលា ដើម្បីបំពេញតាមការទាមទាររបស់វេជ្ជបណ្ឌិត។
ការទាមទាររបស់វេជ្ជបណ្ឌិត រួមមានការបង្កើនការការពារដោយនគរបាលនៅតាមមន្ទីរពេទ្យ និងការស៊ើបអង្កេតលើអ្វីដែលពួកគេនិយាយថាជាអំពើពុករលួយនៅក្នុងមហាវិទ្យាល័យវេជ្ជសាស្ត្រមួយចំនួន។