ការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនបានធូរស្រាលទេចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីខែតុលា ឆ្នាំមុនមក ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អំពើហិង្សាក៏បានកើនឡើងខ្លាំងនៅកន្លែងជាច្រើន រួមទាំងទីក្រុង ទូលខាម (Tulkarm) នៅភាគខាងជើងតំបន់ វេសបែង (West Bank) និងហ៊្សេរុយសាឡឹម។

កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន អ៊ីស្រាអែលបានពង្រីកប្រតិបត្តិការយោធារបស់ខ្លួនជាមួយនឹងការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 សំដៅលើហាងកាហ្វេមួយនៅទីក្រុង Tulkarm។ នេះជាលើកដំបូងក្នុងរយៈពេលពីរទសវត្សរ៍ ដែលអ៊ីស្រាអែលបានប្រើយន្តហោះចម្បាំងនៅលើតំបន់កាន់កាប់ West Bank។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីន ១៨នាក់ រួមទាំងកុមារ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការតាមអាកាសនោះ ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុតនៅតំបន់ West Bank ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ការវាយប្រហារនោះគឺសំដៅទៅលើប្រធានបណ្តាញក្រុមហាម៉ាស នៅក្រុង Tulkarm ក្នុងតំបន់ West Bank។

កាលពីថ្ងៃសុក្រ នគរបាលអ៊ីស្រាអែល បានវាយប្រហារលើអ្នកកាន់សាសនានៅច្រក បាប អាល់-អាសបាត (Bab al-Asbat) ដែលជាច្រកចូលមួយទៅកាន់វិហារ អាល់-អាកសា (Al-Aqsa) ដោយរារាំងមនុស្សមួយចំនួនមិនឱ្យទៅដល់វិហារអ៊ិស្លាមនោះ។ ទីតាំងនោះត្រូវបានស្គាល់ថាជាប្រាសាទភ្នំ ហើយសម្រាប់ប្រជាជនម៉ូស្លីម គឺជាកន្លែងសក្ការៈខ្ពង់ខ្ពស់បំផុតទីបីរបស់ពួកគេ។ នគរបាលបានវាយដំអ្នកទាំងនោះ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បណ្តាលឱ្យមានរបួសជាច្រើននាក់ និងបង្កភាពភ័យស្លន់ស្លោរនៅក្នុងវិហារ៕