នៅក្នុងគំនរបែកបាក់ពីការវាយប្រហារដោយសង្រ្គាម ពលរដ្ឋហ្កាហ្សា កំពុងលំបាកក្នុងការរកវិធីដោះស្រាយជាមួយកម្ទេចថ្មរាប់លានតោន ដោយអ្នកខ្លះបានព្យាយាមប្រមូលបំណែកបាក់បែកបម្លែងទៅជាដុំក្រួស ដែលក្រោយមកប្រើធ្វើជាផ្នូរសម្រាប់អ្នកស្លាប់ក្នុងសង្រ្គាម ខណៈកម្ទេចកម្ទីដែលបន្តកើនឡើងទាំងនោះធ្វើឱ្យអ្នកស្រុក ដែលរងទុក្ខវេទនារួចទៅហើយ កាន់តែពិបាករស់នៅ។

ការងារសម្អាតគំនរបាក់បែកគឺលំបាកណាស់ ប៉ុន្តែក៏ជាផ្នែកតូចមួយនៃកិច្ចប្រឹងប្រែងដើម្បីដោះស្រាយជាមួយនឹងកម្ទេចថ្ម ដែលបន្សល់ទុកដោយយុទ្ធនាការយោធារបស់អ៊ីស្រាអែល ដើម្បីលុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មានកម្ទេចកម្ទីជាង ៤២លានតោន រួមទាំងអគារបាក់បែកដែលនៅសល់តែគ្រោងឆ្អឹង និងអគារដែលត្រូវបំផ្លាញខ្ទេចខ្ទី។

អង្គការសហប្រជាជាតិនិយាយថា នោះគឺជាតួលេខ ១៤ដង នៃចំនួនកម្ទេចថ្មដែលបានប្រមូលផ្តុំនៅហ្កាហ្សា រវាងឆ្នាំ២០០៨ និងការចាប់ផ្តើមនៃសង្រ្គាមកាលពីឆ្នាំមុន ហើយលើសពី ៥ដង នៃតួលេខដែលបន្សល់ទុកដោយសមរភូមិ ម៉ូស៊ុល (Mosul) ក្នុងឆ្នាំ២០១៦-១៧ នៅអ៊ីរ៉ាក់។ ប្រសិនបើប្រមូលផ្តុំបំណែកទាំងនោះ នឹងអាចបំពេញមហាពីរ៉ាមីត ជីហ្សា (Giza) ដ៏ធំបំផុតរបស់អេហ្ស៊ីប បានចំនួន ១១ដង។

មន្ត្រី ៣នាក់និយាយថា អង្គការសហប្រជាជាតិកំពុងព្យាយាមជួយ ខណៈអាជ្ញាធរហ្កាហ្សា ពិចារណាពីវិធីដោះស្រាយជាមួយនឹងគំនរបាក់បែក។ នៅពេលសាកសួរពីកម្ទេចកម្ទី អង្គភាពយោធាអ៊ីស្រាអែល COGAT និយាយថា ខ្លួនមានគោលបំណងកែលម្អការគ្រប់គ្រងកាកសំណល់ ហើយនឹងធ្វើការជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រីកកិច្ចខិតខំប្រឹងប្រែងទាំងនោះ៕