មន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់១០នាក់ បានស្លាប់នៅក្នុងរដ្ឋ Meghalaya ភាគឦសានប្រទេសឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់យ៉ាងគំហុក និងបំណាក់ដីនៅក្នុងតំបន់។

ទឹកជំនន់យ៉ាងគំហុក និងបំណាក់ដី បានបំផ្លាញផ្លូវថ្នល់ និងស្ពាន ដែលបានរារាំងដល់ការតភ្ជាប់ទៅកាន់តំបន់នោះ។
មន្ត្រី និយាយថា ពួកគេកំពុងវាយតម្លៃពីការខូចខាត និងផ្តល់អាទិភាពដើម្បីចែកជំនួយសង្គ្រោះដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ទឹកជំនន់ បានជន់លិចលំនៅឋាន និងដីស្រែចំការជាច្រើនកន្លែងនៅក្នុងតំបន់។
ជាធម្មតា ភ្លៀងមូសុង ចាប់ផ្តើមនៅក្នុងខែមិថុនា ហើយចាប់ផ្តើមចុះខ្សោយទៅវិញនៅថ្ងៃទី ១៧ ខែកញ្ញា ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់នៅឆ្នាំនេះ ដែលបានជួយបំពេញអាងស្តុកទឹក ប៉ុន្តែ បាននាំមកនូវទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងរដ្ឋមួយចំនួន។
