ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយះពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេង ទំនើងចំនួន៤៧ ករណី មានជនសង្ស័យ ចំនួន ២៥៧ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១៩១ នាក់ ដែលពាក់ព័ន្ធនឹងបទ " ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាត ដោយចេតនា, លួចមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត"។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿង ពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដម ជិន ម៉ាលីន បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងបានអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយត្រូវជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់ខ្លួនគ្រួសារ និងសង្គមជាតិ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
