មជ្ឈមណ្ឌលយុវជន និងគ្រួសារពលរដ្ឋមួយចំនួននៅខេត្តកណ្តាល បានបង្ហោះតាមហ្វេសបុក ប្រកាសផ្តល់ផ្ទះស្នាក់ និងបន្ទប់ស្នាក់ឥតគិតថ្លៃ ជូនសិស្សានុសិស្សមកពីចម្ងាយ មកពីតាមបណ្តាស្រុកមកស្នាក់នៅនៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ នៅក្នុងក្រុងតាខ្មៅ នាថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
បើតាម កញ្ញា ណាំ ស្រីណុច មន្ត្រី និងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលយុវជន នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានថ្លែងប្រាប់ BTV នៅថ្ងៃទី៧ ខែតុលានេះថា នៅក្នុងឆ្នាំនេះ មជ្ឈមណ្ឌលយុវជនខេត្តកណ្តាល ក៏ដូចវត្តអារាម ផ្ទះជួល និងលំនៅដ្ឋានមួយចំនួនទៀតរបស់ពលរដ្ឋនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល គឺបានសហការរៀបចំផ្តល់បន្ទប់ស្នាក់នៅឥតគិតថ្លៃជូនសិស្សានុសិស្សចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ មកពីតាមបណ្តាស្រុកឆ្ងាយៗ និងមិនអាចរកបន្ទប់ស្នាក់ នៅតាមផ្ទះសំណាក់ សណ្ឋាគារ ឬកន្លែងស្នាក់ផ្សេងៗទៀតបាន។
បណ្តាសិស្សបេក្ខភាពប្រឡងបាក់ឌុបបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលយុវជនខេត្តកណ្តាលដែលឆ្នាំនេះ បានបើកផ្តល់ការស្នាក់នៅគិតថ្លៃ ដែលការងារនេះ គឺបានជួយសម្រាលពេលវេលា និងថវិកាសម្រាប់ស្នាក់នៅការធ្វើដំណើរចូលរួមប្រឡង។
សូមបញ្ជាក់ថា សម្រាប់សិស្សានុសិស្ស ដែលមានបំណងស្វែងបន្ទប់ការស្នាក់នៅ នៅជិតមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិក្នុងក្រុងតាខ្មៅ និងស្រុកស្អាងជាដើមនៅខេត្តកណ្តាល ពួកគេអាចចូលទៅស្វែងរកតាមអាស័យដ្ឋានស្នាក់នៅតាមរយៈហ្វេសបុក «មហាគ្រួសារតាខ្មៅ»៕ អត្ថបទ ស៊ុម សុខជា




