ភ្នំពេញ ៖ បណ្តាភ្ញៀវទេសចរអន្តរជាតិជាច្រើន បានផ្តល់ការកោតសរសើរចំពោះកាធ្វើដំណើរទេសចរណ៍មកកាន់ប្រទេសកម្ពុជា ថា ប្រជាជនមានភាពរាក់ទាក់ជាទីបំផុត។ អ្នកនាំពាក្យក្រសួងទេសចរណ៍ ក៏បានអំពាវនាវអោយបណ្តាអាជីវករ និងប្រជាពលរដ្ឋ បន្តប្រពៃណីធ្វើបដិសណ្ឋាកិច្ចល្អនេះថែមទៀត ដើម្បីអោយទេសចរបរទេស មកទស្សនាកម្ពុជាកាន់តែច្រើន។
នៅថ្ងៃទី២៣ ខែកញ្ញានេះ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTV ថា នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំថ្មី និងឈប់សម្រាកថ្ងៃភ្ជុំបិណ្ឌកន្លងមក សង្កេតឃើញថា បណ្តាម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ ប្រជាពលរដ្ឋខ្មែរ ដែលធ្វើការងារពាក់ព័ន្ធ នឹងការផ្តល់សេវាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានភាពល្អប្រសើរជាងបណ្តាឆ្នាំកន្លងមក ហើយឯកឧត្តម ក៏បានអំពាវនាវអោយប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធនានា ត្រូវបន្តអនុវត្តប្រពៃណីល្អបន្តទៀត ជាពិសេសគឺសូមកុំឡើងថ្លៃសេវាហួសហេតុ និងត្រូវបង្កើតទឹកមុខមានស្នាមញញឹមរាក់ទាក់អោយបានល្អជូនភ្ញៀវ។
លោក ឈឹម ដាវិន ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជា បានថ្លែងថា គ្រប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ដែលមកទស្សនាកម្ពុជា ដំបូងបំផុតចង់ឃើញ និងចង់បាន ការធ្វើបដិសណ្ឋារកិច្ចល្អ ដែលមានទឹកមុខញញឹមរួសរាយរាក់ទាក់ពីប្រជាជនកម្ពុជា។
លោក វៀហ្ហាស ស្តួរីស ភ្ញៀវទេសចរមកពីប៉ែកខាងអឺរ៉ុប បានថ្លែងថា ដោយសារបច្ចុប្បន្នពិភពលោកជួបវិបត្តិCOVID-19 ។ ដូចនេះ លោក និងមិត្តភ័ក្ដិ ធ្វើដំណើរទេសចរណ៍នៅកម្ពុជា មានរយៈពេលយូរ ហើយអំឡុងពេលធ្វើដំណើរនោះ លោក ក៏ដូចជា មិត្តរបស់លោកដែរ សង្កេតឃើញប្រជាជនកម្ពុជា មានភាពរាក់ទាក់ និងមានការស្វាគមន៍គ្រប់ទីកន្លែង។
សូមបញ្ជាក់ថា គេហទំព័រអន្តរជាតិ My International Movers នៅក្នុងឆ្នាំ២០២០នេះ បានផ្តល់ចំណាត់ថ្នាក់ឲ្យកម្ពុជាជាប់លេខ ១ ក្នុងចំណោម ប្រទេសទាំង១០ នៅលើពិភពលោក ដែលមានបដិសណ្ឋារកិច្ចល្អបំផុត ដោយផ្តល់ការស្វាគមន៍យ៉ាងរាក់ទាក់ជាទីបំផុតចំពោះជនបរទេស និងភ្ញៀវទេសចរបរទេស។
នៅក្នុងចំណោមប្រទេសទាំង១០ ដែលបណ្តាភ្ញៀវទេសចរអន្តរជាតិ បាលវាយតំលៃការងារបដិសណ្ឋារកិច្ចល្អ ផ្តល់ទៅឲ្យគេហទំព័រអន្តរជាតិ My International Movers គឺប្រទេសលំដាប់លេខ ១ គឺកម្ពុជា លេខ២ គឺនូវែលសេឡង់ លេខ៣ គឺ កាណាដា លេខ ៤ គឺម៉ិចស៊ីកូ លេខ៥ គឺ ហ្វីលីពីន លេខ ៦ វៀតណាម លេខ ៧ អ៊ីសឡង់ លេខ ៨ កូស្តារីកា លេខ៩ អៀរឡង់ និងលេខ១០ គឺ ព័រទុយហ្គាល់៕




