ប្រណាំងកង់៖ កីឡាករជើងចាស់អេស្ប៉ាញ Alejandro Valverde បានប្រជែងឈ្នះដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Giro di Sicilia នៅលើទឹកដីអ៊ីតាលីដើម្បីឡើងមកនាំមុខគេរួមបណ្តោះអាសន្ន។ ដំណាក់កាលទី៣ ដែលមានចំងាយផ្លូវ ១៨០គីឡូម៉ែត្រឆ្លងកាត់តំបន់ភ្នំតូចៗនោះ កីឡាករវ័យ ៤១ឆ្នាំរូបនេះបានមកដល់ទីព្រ័ត្រមុនគេដោយចំណាយពេល ៤ម៉ោង ៤២នាទី ២៩វិនាទី។

លេខ២ ក្នុងដំណាក់កាលបានទៅកីឡាករម្ចាស់ផ្ទះអ៊ីតាលី Alessandro Covi ស្ថិតក្នុងថេរវេលាដូចគ្នា និងលេខ៣ កីឡាករកូឡុំប៊ី Jhonatan Restrepo។ ក្រោយ ៣ដំណាក់កាលនេះកីឡាកររបស់ក្រុម Movistar, Alexandro Valverde បានឡើងមកនាំមុខគេបណ្តោះអាសន្នមានវេលាចំណេញពីលើអ្នកលេខ២ កីឡាករអ៊ីតាលី Alessandro Covi ៧វិនាទី។ ការប្រកួតប្រណាំងកង់ Giro di Sicilia នឹងបញ្ចប់នៅថ្ងៃសុក្រនេះក្នុងដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវ ១៨០គីឡូម៉ែត្រឆ្លងកាត់ស្ថានភាពផ្លូវឡើងភ្នំ។ សូមរំលឹកថា ព្រឹត្តិការណ៍ប្រណាំងកង់ Giro di Sicilia ត្រូវបានរៀបចំឡើងដំបូងតាំងពីឆ្នាំ១៩០៧ តែមិនបានទៀងទាត់រាល់ឆ្នាំទេ៕
អត្ថបទ៖នាង សុភាវុធ