រដ្ឋាភិបាលបានបញ្ជាក់ថា អភិបាលក្រុងនៃរដ្ឋធានីរបស់រដ្ឋ ហ្គែរ៉េរ៉ូ (Guerrero) ដែលញាំញីដោយអំពើហិង្សារបស់ប្រទេសម៉ិកស៊ិក ត្រូវបានធ្វើឃាតកាលពីថ្ងៃអាទិត្យ (០៦ តុលា) តិចជាងមួយសប្តាហ៍ បន្ទាប់ពីចូលកាន់តំណែង។

លោក អាឡេហានដ្រូ អាកូស (Alejandro Arcos) ត្រូវបានគេសម្លាប់តែប្រាំមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកចូលកាន់តំណែងជាអភិបាលក្រុង ឈីប៉ានស៊ីនហ្គោ (Chilpancingo) ជាទីក្រុងដែលមានប្រជាជនប្រហែល ២៨០.០០០នាក់នៅភាគនិរតីប្រទេសម៉ិកស៊ិក។ ការិយាល័យរដ្ឋមន្រ្តីយុត្តិធម៌ប្រចាំរដ្ឋ Guerrero បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតករណីឃាតកម្មនេះ។

ការស្លាប់របស់លោក Arcos កើតឡើងតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីមន្រ្តីជាន់ខ្ពស់ថ្មីរបស់រដ្ឋាភិបាលក្រុង គឺលោក ហ្រ្វង់ស៊ីស្កូ តាពៀ (Francisco Tapia) ត្រូវបានបាញ់សម្លាប់។ ប្រធានគណបក្សនយោបាយ PRI របស់ម៉ិកស៊ិក បានអំពាវនាវដល់ការិយាល័យយុត្តិធម៌សហព័ន្ធឱ្យដឹកនាំការស៊ើបអង្កេតលើឃាតកម្មទាំងពីរនេះ។

រដ្ឋ Guerrero បានក្លាយជារដ្ឋមួយក្នុងចំណោមរដ្ឋដែលមានគ្រោះថ្នាក់បំផុតសម្រាប់មន្ត្រីសាធារណៈ ក៏ដូចជាសម្រាប់អ្នកសារព័ត៌មាន។ យ៉ាងហោចណាស់បេក្ខជនចំនួន ៦នាក់សម្រាប់តំណែងការិយាល័យរដ្ឋត្រូវបានសម្លាប់នៅក្នុងរដ្ឋនេះអំឡុងដំណើរឈានទៅរកការបោះឆ្នោតកាលពីថ្ងៃទី០២ ខែមិថុនា របស់ប្រទេសម៉ិកស៊ិក៕