មេដឹកនាំក្រុមហ៊ួទីនៅប្រទេសយេម៉ែនលោក អាប់ឌុលម៉ាលីក អាល់ហ៊ួទី ( Abdulmalik al-Houthi) បាននិយាយកាលពីថ្ងៃអាទិត្យថា ជនសកម្មប្រយុទ្ធហ៊ួទីចំនួន ៨២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកងកម្លាំងរបស់សហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីស្រាអែល ក្នុងរយៈពេលមួយឆ្នាំ។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ al-Masirah របស់ក្រុមហ៊ួទី នៅមុនថ្ងៃខួបលើកទី១នៃការវាយប្រហាររបស់ក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។
លោកបាននិយាយថា ចំនួនអ្នកស្លាប់ បានកើតឡើងក្នុងអំឡុងពេល ១២ ខែចុងក្រោយនេះ បន្ទាប់ពីក្រុមរបស់ខ្លួន បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងទីក្រុង និងនាវារបស់អ៊ីស្រាអែល នៅសមុទ្រក្រហម ដើម្បីគាំទ្រក្រុមហាម៉ាសប្រឆាំងនឹងអ៊ីស្រាអែល ចំពេលមានសង្រ្គាមនៅតំបន់ហ្កាហ្សា។

លោក អាល់ហ៊ួទី បានបញ្ជាក់ថា៖«ការវាយប្រហារតាមផ្លូវអាកាស និងជើងទឹករបស់សត្រូវ នៅក្នុងប្រទេសរបស់យើង ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ត្រូវបានធ្វើឡើង នៅក្នុងការវាយប្រហារចំនួន ៧៧៤ លើក ដែលបានបណ្តាលឲ្យជនសកម្មប្រយុទ្ធចំនួន ៨២នាក់ស្លាប់ និង ៣៤០នាក់ រងរបួស។