ភ្នំពេញ ៖ ស្ថិតក្នុងអន្តរកាលកូវីដ-១៩ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមួយចំនួន បន្តមកប្រគេនចង្ហាន់ និងទេយ្យវត្ថុជូនដល់ព្រះសង្ឃ និងបង្សុលឧទិ្ទស កុសលជូនលោកអ្នកមានគុណ បុព្វការីជន នៅថ្ងៃកាន់បិណ្ឌវេនទី១០ ធ្វើកិច្ចនៅខាងមុខខ្លោងទ្វារវត្តអារាម។
ស្របពេលដែលរាជរដ្ឋាភិបាល បានចេញសេចកី្តសម្រេចស្តីពីការផ្អាក ការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពិនិត្យឃើញថា គឺបិណ្ឌទី១ និងបិណ្ឌទី២ (ថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២១) មិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវតិ្ថភាពសុខាភិបាល។ ដោយប្រកាសផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ណ។ប៉ុន្តែអនុញ្ញាតឲ្យបណ្តាវត្តអារាមនានារៀបចំចាត់ចែងទទួលចង្ហាន់ និងទេយ្យវត្ថុនានានៅខាងមុខខ្លោងទ្វារ ពីពុទ្ធបរិស័ទ។
បើតាមព្រះមាគធីភាសានុរ័ក្ខ អន អុល ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា វត្តវិមានតេជៈស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសង្ឃដីកាថា វត្តវិមានតេជៈ បានពង្រឹងវិន័យក្នុងការផ្អាកនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ដែលមានបទប្បញ្ញតិ្តយ៉ាងត្រឹមត្រូវ ចំពោះវត្តអារាម និងពុទ្ធបរិស័ទ។
សម្រាប់វត្តអារាមថ្វីត្បិតថា បើទោះបីជាប្រពៃណីទំនៀមទម្លាប់សាសនា និងរក្សាតាំងពីបរមបុរាណ និងប្រារព្ធជារៀងរាល់ឆ្នាំយ៉ាងណាក៏ដោយ ប៉ុន្តែនេះជាកាលៈទេសៈមួយដែលយើងទាំងអស់ត្រូវការពារឲ្យខ្ជាប់ទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត គឺ៣ការពារ ៣កុំ។ និយាយដោយឡែកយើងក៏អនុវត្តទៅតាមរបៀបក្រុមរស់នៅរបៀបជាគណៈ ក៏ដូចជានៅអារាមដ្ឋានវិមានតេជៈដែលមានការដឹកនាំដោយសម្តេចជាអង្គម្ចាស់ មានលក្ខខ័ណ្ឌតឹងរឹងតែម្តង ទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ដែលចូលមកក្នុងវត្ត។
ជាមួយគ្នានោះដែរ ពុទ្ធបរិស័ទ បាននាំយកចង្ហាន់ និងទេយ្យវត្ថុ មកកាន់វត្តវិមានតេជៈ ហៅវត្តស្រះចក បាននិយាយស្រដៀងគ្នាថា ពួកគាត់មកវត្ត ដើម្បីប្រគេនចង្ហាន់ និងទេយ្យវត្ថុ រួមនឹងបច្ច័យ ជូនដល់ព្រះសង្ឃ និងបានឧទ្ទិសដល់សាច់ញាតិ៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។ និយាយដោយឡែកនៅ ក្នុងវិបតិ្តកូវីដ-១៩ ដែលកំពុងរីករាលដាលនេះ នឹងមានការប្រកាសបិទវត្តអារាម គឺជាការល្អ ព្រោះបានចូលរួមការពារសុខភាព និងកុំឲ្យឆ្លងមេរោគកូវីដ១៩ ពេលមកកាន់វត្តអារាម ដែលមានការប្រមូលផ្តុំនូវពុទ្ធបរិស័ទ។
ក្នុងស្ថានភាពដ៏លំបាកនេះ ព្រះមាគធីភាសានុរ័ក្ខ អន អុល ក៏សុំឲ្យពុទ្ធបរិស័ទដែលមានបំណងចង់មកវត្តអារាម សុំអញ្ជើញមក ប៉ុន្តែកុំមកជាក្រុម វត្តក៏មានរៀបចំចាត់ចែងឲ្យមានលោកតាអាចារ្យ និងព្រះសង្ឃ ដើម្បីរងចាំទទួលចង្ហាន់ និងទេយ្យវត្ថុពីពុទ្ធបរិស័ទ ដើម្បីចូលរួមការពារបន្ថែម និងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕
អត្ថបទ រដ្ឋា




