នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) នៃនគរបាល នៅក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថាន បានអះអាងនៅថ្ងៃចន្ទនេះថា ពួកគេបានសម្លាប់ភេរវករចំនួនប្រាំពីរនាក់ នៅក្នុងស្រុក Mianwali របស់ខេត្តនេះ។

សេចក្តីថ្លែងការណ៍របស់នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) បាននិយាយថា ប្រតិបត្តិការដែលផ្អែកលើការស៊ើបការណ៍សម្ងាត់មួយត្រូវបានធ្វើឡើងនៅក្នុងតំបន់ Makerwal កាលពីយប់ថ្ងៃអាទិត្យ ដែលនាំឱ្យមានការបាញ់ប្រហារតគ្នា រវាងក្រុមសកម្មប្រយុទ្ធនិងបុគ្គលិករបស់នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD)។
ក្នុងអំឡុងពេលនៃការបាញ់តគ្នានេះ ភេរវករ៧នាក់ត្រូវបានសម្លាប់ ចំណែកឯមនុស្ស៨នាក់ផ្សេងទៀត បានរត់គេចខ្លួន ក្នុងភាពងងឹត។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា គ្រាប់បែកដៃចំនួន៦គ្រាប់ កាំភ្លើងវែងប្រភេទKalashnikov ចំនួនប្រាំពីរដើម គ្រាប់កាំភ្លើងពិត និងគ្រឿងផ្ទុះជាច្រើនគ្រាប់ ត្រូវបានរឹបអូស។
នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) និយាយថា សាកសពត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើកោសល្យវិច័យ និងកំណត់អត្តសញ្ញាណ ហើយប្រតិបត្តិការស្វែងរកបានចាប់ផ្តើម ដើម្បីតាមចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ ដែលកំពុងរត់គេចខ្លួន។