សារព័ត៌មាន Politico បានរាយការណ៍ដោយដកស្រង់ប្រភពថា សេវាស៊ើបការណ៍សម្ងាត់អាមេរិក កំពុងប្រឈមនឹងការលំបាកក្នុងការទទួលបានទិន្នន័យស៊ើបការណ៍ទាក់ទងនឹងចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស ក៏ដូចជាផែនការ និងគោលដៅរបស់ខ្លួន។

សារព័ត៌មាននេះ បានចង្អុលបង្ហាញថា៖«សហរដ្ឋអាមេរិក បានបង្កើនការប្រមូលផ្តុំស៊ើបការណ៍របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល។ ប៉ុន្តែភាពចន្លោះប្រហោង នៅតែមាននៅលើប្រភេទនៃព៏ត៌មានសម្ងាត់ ដែលអាចមានសារៈសំខាន់ ក្នុងការស្វែងរកផ្លូវ ដើម្បីបញ្ចប់ជម្លោះ»។

Politico បានសង្កត់ធ្ងន់ថា៖«មួយឆ្នាំបន្ទាប់ពីការវាយប្រហារ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅតែតស៊ូ ដើម្បីស្វែងយល់ពីសក្ដានុពលនយោបាយខាងក្នុងរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ថាតើក្រុមនេះត្រៀមរួចរាល់សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ និងគោលបំណងរយៈពេលវែងរបស់ខ្លួនសម្រាប់តំបន់ហ្កា ហ្សាដែរឬទេ ហើយសំណួរទាំងអស់ដែលអ្នកបង្កើតគោលនយោបាយ ត្រូវឆ្លើយ នៅពេលពួកគេ ប្រឹងប្រែងដើម្បីបញ្ចៀសសង្រ្គាមពេញទំហឹងនៅក្នុងតំបន់។ សារព័ត៌មាននេះ បាននិយាយថា៖«អស់ជាច្រើនទសវត្សរ៍មកហើយ» រដ្ឋបាលអាមេរិក បានជ្រើសរើសមិនផ្តល់អាទិភាពដល់ការប្រមូលព័ត៌មាន និងការវិភាគលើតំបន់ហ្កាហ្សា និងក្រុមហាម៉ាស។
យោងតាមប្រភពរបស់ខ្លួន «ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលាមក រដ្ឋបាល [ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden)បានបន្តផ្តល់អាទិភាពដល់ការប្រមូលព័ត៌មានសម្ងាត់លើវិបត្តិបរទេសផ្សេងទៀត រួមទាំងជម្លោះរវាងអ៊ីស្រាអែល និងហេសបូឡា សង្រ្គាមនៅអ៊ុយក្រែន និងការគំរាមកំហែងពីប្រទេសចិន»។