ទិន្នន័យបានបង្ហាញនៅថ្ងៃចន្ទនេះថា ទិន្នផលស្រូវរបស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានព្យាករថា នឹងធ្លាក់ចុះ សម្រាប់រយៈពេលបីជាប់ៗគ្នា ក្នុងឆ្នាំ ២០២៤ ភាគច្រើនដោយសារតែការថយចុះនៃផ្ទៃដីដាំដុះ។
ផលិតកម្មស្រូវ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ១,២ ភាគរយ គឺត្រឹម ៣,៦៦លានតោន នៅឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយគេហទំព័រស្ថិតិកូរ៉េ។

ប្រសិនបើទិន្នផល ធ្លាក់ចុះដូចការរំពឹងទុកនោះ វានឹងក្លាយជាការធ្លាក់ចុះប្រចាំឆ្នាំ រយៈពេលបីឆ្នាំជាប់ៗ គ្នា។
ការធ្លាក់ចុះតាមការរំពឹងទុកនៅឆ្នាំនេះ កើតឡើងដោយសារទំហំស្រូវរួមផ្សំ បានធ្លាក់ចុះ ១,៥ ភាគរយធៀបនឹងឆ្នាំមុន មកនៅកម្រិតទាបបំផុតគឺ ៦៩៧.៧១៤ហិកតា ដោយសាររដ្ឋាភិបាល បាននិងកំពុង អនុវត្តវិធានការ ដើម្បីធ្វើឲ្យមានតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការស្រូវ ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភដល់កសិករដែលដាំដំណាំសំខាន់ៗ ដូចជាស្រូវសាលី សណ្តែក និងស្រូវសម្រាប់កិនយកម្សៅ។
ប៉ុន្តែទិន្នផលក្នុង ១០០ម៉ែត្រការ៉េទំនងជាកើនឡើង០,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់៥២៤ គីឡូក្រាម ក្នុងឆ្នាំ ២០២៤។ នេះបើយោងតាមទីភ្នាក់ងារនេះ។
អង្ករ គឺជាអាហារសំខាន់សម្រាប់ប្រជាជនកូរ៉េ ប៉ុន្តែការប្រើប្រាស់របស់វា បានធ្លាក់ចុះជាលំដាប់ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដោយសារតែភាគច្រើននៃការផ្លាស់ប្តូររបបអាហារ និងទម្លាប់នៃការបរិភោគ។
ទិន្នន័យ បានបង្ហាញថា ការប្រើប្រាស់អង្ករប្រចាំឆ្នាំជាមធ្យមសម្រាប់មនុស្សម្នាក់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ៥៦,៤គីឡូក្រាម ក្នុងឆ្នាំ ២០២៣ ធៀបនឹងកម្រិតខ្ពស់បំផុតគឺ ១៣៦,៤ គីឡូក្រាម ក្នុងឆ្នាំ ១៩៧០។