ប្រភពចំនួនបី ដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា អតីតមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) នឹងធ្វើទស្សនកិច្ចនៅកាន់សាធារណរដ្ឋឆេក ក្នុងខែនេះ ដែលជាដំណើរដ៏រសើបមួយសម្រាប់អ្នកនយោបាយជាន់ខ្ពស់ ដែលទីក្រុងប៉េកាំង បានរិះគន់ម្តងហើយម្តងទៀតថាជា “ជនផ្ដាច់ខ្លួន”។

សាធារណរដ្ឋឆេក ក៏ដូចប្រទេសភាគច្រើនដែរ មិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ ដែលអះអាងសិទ្ធិដោយចិន នោះឡើយ ប៉ុន្តែភាគីទាំងពីរបានបង្កើនភាពជិតស្និទ្ធ ខណៈទីក្រុងប៉េកាំង បង្កើនការគំរាមកំហែងផ្នែកយោធាប្រឆាំងនឹងកោះនេះ ហើយទីក្រុងតៃប៉ិ ស្វះស្វែងរកមិត្តថ្មីនៅអឺរ៉ុបខាងកើត និងកណ្តាល។

ប្រភពទាំងបី ដែលសុំមិនបញ្ចេញឈ្មោះនោះបានប្រាប់ថា លោកស្រី Tsai ដែលបានលាលែងពីតំណែងកាលពីខែឧសភា នឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីប្រាក (Prague) និងថ្លែងសុន្ទរកថានៅឯវេទិកា២០០០ ដែលចាប់ផ្តើមនៅថ្ងៃទី១៣ ខែតុលា។
ប្រភពដដែលបន្តថា នៅក្នុងសាធារណរដ្ឋឆេក លោកស្រី Tsai គ្រោងនឹងជួបជាមួយនឹងអ្នកនយោបាយជាន់ខ្ពស់របស់ប្រទេសនេះ និងអ្នកនយោបាយអឺរ៉ុបផ្សេងទៀត។ កោះតៃវ៉ាន់ មិនបានបញ្ជាក់ឱ្យច្បាស់ពីរឿងនេះទេ ហើយក្រសួងការបរទេសចិន ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ៕