រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលប្រតិកម្មទៅនឹងការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ (ទី៦ ខែតុលា) បាននិយាយថា សម្ពាធយោធាអាចបើកផ្លូវឲ្យមានកិច្ចប្រឹងប្រែងការទូត ប៉ុន្តែក៏អាចនាំឲ្យមានកំហុសឆ្គងផងដែរ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយលុកលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut (បេរូត) ពេញមួយយប់ និងនៅព្រឹកថ្ងៃអាទិត្យ ខណៈនៅតំបន់ហ្កាហ្សា មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ ដោយឡែកពីគ្នា នៅពេលដែលកងទ័ពអ៊ីស្រាអែលបើកការលុកលុយថ្មី នៅភាគខាងជើង។
តំបន់នេះកំពុងរង់ចាំការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់ កាលពីសប្តាហ៍មុន ដែលទីក្រុងតេអេរ៉ង់បានធ្វើឡើង ដើម្បីជាការសងសឹក ចំពោះការបង្កើនភាពតានតឹងរបស់អ៊ីស្រាអែល នៅលីបង់។ តែការវាយប្រហាររបស់អ៊ីរ៉ង់ មិនបានបណ្ដាលឲ្យនរណាម្នាក់ស្លាប់ឡើយ នៅអ៊ីស្រាអែល ហើយក្រុងវ៉ាស៊ីនតោន បានហៅការវាយប្រហារនោះថា គ្មានប្រសិទ្ធភាព។
យ៉ាងណាក្ដី ពាក់ព័ន្ធនឹងការវាយប្រហារ នៅលីបង់ ក្នុងសេចក្តីថ្លែងការណ៍តាមរយៈអ៊ីមែល (សារអេឡិកត្រូនិច) អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា៖ «សម្ពាធយោធា ជួនកាល អាចបើកផ្លូវឲ្យមានកិច្ចប្រឹងប្រែងការទូត។ តែពិតណាស់ សម្ពាធយោធាក៏អាចនាំឲ្យមានកំហុសឆ្គងដែរ។ វាអាចនាំឲ្យមានផលវិបាកដោយអចេតនា»។
សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនគាំទ្រអ៊ីស្រាអែលដាក់គោលដៅវាយប្រហារលើក្រុមជ្រុលនិយម នៅលីបង់ ដូចជាពួកសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នេះជាដើម ប៉ុន្តែមិនចង់ឲ្យជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវរងគ្រោះដោយសារការប្រតិបត្តិការនេះឡើយ។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា៖ «ឥឡូវនេះ យើងកំពុងពិភាក្សាជាមួយអ៊ីស្រាអែល អំពីកត្តាទាំងអស់នេះ។ យើងបានដឹងយ៉ាងច្បាស់លាស់ និងស្របគ្នាថា ការធ្វើឲ្យភាពតានតឹងកើនឡើងបន្ថែមទៀត គឺមិនមែនជាផលប្រយោជន៍ សម្រាប់នរណាម្នាក់ឡើយ។ ការបាត់បង់ជីវិតជនស៊ីវិលត្រឹមតែម្នាក់ គឺជាចំនួនច្រើនពេកហើយ»៕