នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយ កាលពីថ្ងៃអាទិត្យ (ទី៦ ខែតុលា) អនុប្រធានាធិបតី លោកស្រី Kamala Harris បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនបន្ធូរបន្ថយ «សម្ពាធ» របស់ខ្លួនលើអ៊ីស្រាអែល និងបណ្ដាមេដឹកនាំអារ៉ាប់នោះឡើយ ដើម្បីឈានដល់កិច្ចព្រមព្រៀង ជុំវិញការដោះលែងចំណាប់ថ្នូរ និងការមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា។
លោកស្រី Harris បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CBS '60 Minutes ថា ទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការជាមួយអ៊ីស្រាអែល ពាក់ព័ន្ធនឹងជំនួយមនុស្សធម៌ និង «តម្រូវការ ដើម្បីឲ្យសម្រេចបាននូវកិច្ចព្រមព្រៀង ដែលនឹងឈានទៅដល់ការដោះលែងចំណាប់ថ្នូរ និងនាំឲ្យមានបទឈប់បាញ់។ ហើយយើងនឹងមិនបញ្ឈប់កិច្ចប្រឹងប្រែងដាក់សម្ពាធនោះ លើអ៊ីស្រាអែល និងក្នុងតំបន់ ក្នុងនោះរួមទាំងបណ្ដាមេដឹកនាំអារ៉ាប់ផងដែរ»។
ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu «មិនស្តាប់តាមនោះទេ»។ នេះជាការលើកឡើងពីពិធីករលោក Bill Whitaker របស់ប្រព័ន្ធផ្សព្វផ្សាយ CBS ទៅកាន់លោកស្រី Harris នៅក្នុងការដកស្រង់ពីបទសម្ភាសន៍ ដែលនឹងត្រូវចាក់ផ្សាយពេញនៅថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ។
បេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ បានលើកហេតុផលថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក បាន «នាំឲ្យមានចំណាត់មួយចំនួន នៅក្នុងតំបន់នោះ ពីសំណាក់អ៊ីស្រាអែល ដែលត្រូវបានជំរុញយ៉ាងខ្លាំងក្លាដោយ ឬពីកត្តារួមផ្សំជាច្រើន ក្នុងនោះរួមទាំងការតស៊ូមតិរបស់យើង ដើម្បីឲ្យមាននូវអ្វីដែលចាំបាច់ត្រូវកើតឡើង នៅក្នុងតំបន់»។
យ៉ាងណាក្ដី ដោយសំដៅទៅលើការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល លោកស្រីបានទទូចថា វាជា «ការចាំបាច់របស់យើង ក្នុងការធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីអាចឲ្យអ៊ីស្រាអែលការពារខ្លួន ទប់ទល់នឹងការវាយប្រហារប្រភេទទាំងនោះ»៕