អ៊ីរ៉ង់បានផ្អាកហោះហើរទាំងអស់ពីអាកាសយានដ្ឋានរបស់ខ្លួន ដែលបង្កឡើងដោយសារឲ្យមានការព្រួយបារម្ភអំពីការវាយប្រហារថ្មីដែលអាចកើតមាន លើអ៊ីស្រាអែល។ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា មន្ត្រីរបស់ប្រទេសនេះ បានលុបចោលជើងហោះហើរពីអាកាសយានដ្ឋានទាំងអស់ ចាប់ពីម៉ោង ៩យប់ថ្ងៃអាទិត្យ ដល់ម៉ោង ៦ព្រឹកថ្ងៃចន្ទ (ទី៧ ខែតុលា) ដោយលើកឡើងពីការរឹតបន្តឹងប្រតិបត្តិការ។
ចំណាត់ការនេះកើតឡើងបន្ទាប់ពីអ៊ីរ៉ង់បានរឹតបន្តឹងជើងហោះហើរ កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅពេលដែលខ្លួនបានបើកការវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែល។ អ៊ីរ៉ង់បានអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹក ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលបានសម្លាប់មន្ត្រីរបស់ខ្លួន និងមេដឹកនាំក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។
នៅពេលដែលភាពតានតឹងកាន់តែកើនឡើងខ្លាំងទៅៗ អ៊ីស្រាអែលបានគំរាមវាយប្រហារអ៊ីរ៉ង់ ដែលជំរុញឲ្យមានការព្រួយបារម្ភជាសកល អំពីការមានសង្គ្រាមពេញបន្ទុក។ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច បានជំរុញឲ្យអ៊ីស្រាអែលអត់ធ្មត់ ដោយព្រមានថា ការបង្កើនភាពតានតឹងបន្ថែមទៀតអាចធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់។
តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងនូវសិទ្ធិរបស់ប្រទេសលោក ក្នុងការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយបញ្ជាក់ថា គ្មានប្រទេសណាអាចទ្រាំទ្រនឹងការវាយប្រហារដោយមីស៊ីលទៅលើទីក្រុង និងពលរដ្ឋរបស់ខ្លួនឡើយ៕