រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul នៅពីថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ បាននិយាយថា រដ្ឋាភិបាល នឹងបន្តត្រៀមខ្លួន ដើម្បីទប់ទល់នឹងលទ្ធភាពបង្កហេតុរបស់កូរ៉េខាងជើង តាមរយៈកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
លោក Cho បានធ្វើការអត្ថាធិប្បាយបែបនេះក្នុងអំឡុងពេលសវនាការ នៅសភា ដោយលើកឡើងពីការបង្កហេតុជាបន្តបន្ទាប់ពីកូរ៉េខាងជើង ដូចជាការបង្ហោះបាឡុងទៅកូរ៉េខាងត្បូង និងការសាកល្បងមីស៊ីលជាដើម។
លោក Cho បានថ្លែងថា៖«រដ្ឋាភិបាល នឹងបន្តរក្សាជំហរត្រៀមខ្លួនយ៉ាងហ្មត់ចត់ ដើម្បីទប់ទល់នឹងការបង្កហេតុផ្សេងៗនាពេលខាងមុខពីកូរ៉េខាងជើង ខណៈពេលដែលធានានូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាពិសេសក្នុងអំឡុងពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក និងរយៈពេលផ្លាស់ប្តូររដ្ឋាភិបាល»។
ជាមួយគ្នានេះ លោកក៏បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការមិនផ្លាស់ប្តូរ រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយមិនគិតពីលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកាខាងមុខ។
លើសពីនេះទៅទៀតនោះ លោកបានបញ្ជាក់ថា ទីក្រុងសេអ៊ូល នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរដ្ឋាភិបាលថ្មីរបស់ប្រទេសជប៉ុន ដើម្បីបន្តរក្សាសន្ទុះវិជ្ជមាន។ អតីតរដ្ឋមន្ត្រីការពារជាតិ លោក Shigeru Ishiba ត្រូវបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន៕