អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបង្ហាញថា ប្រទេសរបស់លោកនឹងអំពាវនាវដល់សហគមន៍អន្តរជាតិរួមគ្នាជាធ្លុងមួយ ឆ្លើយតបចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ លោក Blinken បាននិយាយទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ មុនពេលដែលកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានបាញ់សាកល្បងមីស៊ីលប្រឆាំងយន្តហោះដែលទើបផលិតថ្មី។

កាលពីពេលកន្លងទៅថ្មីៗនេះ កូរ៉េខាងជើងបានរាយការណ៍ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Hwasong-8 កាលពីថ្ងៃអង្គារ។ លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកកំពុងវាយតម្លៃ និងតាមដានដើម្បី “យល់ច្បាស់ពីអ្វីដែលពួកគេបានធ្វើ តើបច្ចេកវិទ្យាអ្វីដែលពួកគេបានប្រើ”។ លោកបានបន្ថែមថា “យើងបានឃើញការបំពានម្តងហើយម្តងទៀតនៅពេលនេះ មកលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលសហគមន៍អន្តរជាតិត្រូវការការយកចិត្តទុកដាក់យ៉ាងខ្លាំង។
ប្រមុខការទូតអាមេរិករូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា សហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងជប៉ុនឆ្ពោះទៅមុខ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងបានស្នើឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីប្រទេសកូរ៉េខាងជើង ប៉ុន្តែកិច្ចប្រជុំនេះត្រូវបានពន្យារពេល៕
អត្ថបទ៖ សុខមាន