ចលនានេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា ក្រុមហេសបូឡានៅប្រទេសលីបង់ បានអះអាងទទួលខុសត្រូវចំពោះការបាញ់ផ្លោងលើមូលដ្ឋានយោធា Carmel របស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃទីក្រុង Haifa។
សេចក្តីថ្លែងការណ៍ បាននិយាយថា៖«អង្គភាពតស៊ូឥស្លាម បានប្រើគ្រាប់រ៉ូកែតFadi-1ពីដីទៅដី ក្នុងការវាយប្រហារប្រឆាំងនឹងកងកម្លាំងសត្រូវ នៅក្នុងមូលដ្ឋាន Carmel»។ ក្រុមនេះ បាននិយាយថា «មុននេះយានដ្រូន បានកំណត់គោលដៅលើមូលដ្ឋានជួសជុលកងទ័ពអ៊ីស្រាអែល និងរោងចក្រផលិតគ្រឿងផ្ទុះនៅជិតទីក្រុង Haifa»។
នៅតំបន់វាលទំនាប ទីប្រជុំជន Safed ត្រូវរងការវាយប្រហារដោយគ្រាប់រ៉ូកែតពីរគ្រប់។ ក្រុមហេសបូឡាក៏បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ព Nimra នៅទីក្រុង Tiberias ។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា កន្លែងតាំងទីលំនៅ Biram, Yiftah, Karmiel, Kfar Giladi, Ma'alot និង Margaliot ជាទីដែលប្រមូលផ្តុំកម្លាំងមនុស្ស និងគ្រឿងយុទ្ធោបករណ៍របស់សត្រូវ ត្រូវបានគេឃើញ និងត្រូវបានយកជាគោលដៅក្នុងការវាយប្រហារដោយគ្រាប់រ៉ូកែតជាច្រើនគ្រាប់។

