វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីនឹងតែងតាំងឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅសហរដ្ឋអាមេរិក ដោយច្រានចោលនូវពាក្យចចាមអារ៉ាម ដែលថា ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនកំពុងត្រូវបានធ្វើឲ្យធ្លាក់ចុះ នៅចុងបញ្ចប់នៃអាណត្តិរបស់ប្រេសិតបច្ចុប្បន្ន លោក Anatoly Antonov។
អ្នកការទូតអាជីព លោក Antonov វ័យ ៦៩ឆ្នាំ ដែលកើតនៅស៊ីបេរី គឺជាប្រមុខស្ថានទូតរុស្ស៊ី ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន តាំងតែពីឆ្នាំ២០១៧ មក។ លោកបាននិយាយកាលពីខែកក្កដាថា ការបំពេញកិច្ចការរបស់លោកនឹងត្រូវដល់ទីបញ្ចប់ហើយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតី លោក Vladimir Putin បច្ចុប្បន្ន មិនមានគម្រោងទទួលលោក Antonov នោះទេ ប៉ុន្តែបានបន្ថែមថា ឯកអគ្គរដ្ឋទូតមានឱកាសរាយការណ៍ជូនប្រធានាធិបតីជារៀងរាល់ថ្ងៃ។
នៅពេលត្រូវបានសួរថា តើការវិលត្រឡប់របស់លោក Antonov បង្ហាញថា ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន កំពុងត្រូវបានធ្វើឲ្យធ្លាក់ចុះដែរ ឬទេ លោក Peskov បានឆ្លើយថា៖ «ទេ ហើយពិតណាស់ ឯកអគ្គរដ្ឋទូត នឹងត្រូវបានតែងតាំង ក្នុងពេលវេលាដ៏សមស្រប»។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លងមក នៅពេលត្រូវបានសួរ អំពីការប្រៀបធៀបទៅនឹងវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ អ្នកការទូតជាន់ខ្ពស់រុស្ស៊ី បាននិយាយថា ការប្រឈមមុខដាក់គ្នា នាពេលបច្ចុប្បន្ន រវាងរុស្ស៊ី និងលោកខាងលិច ដោយសារបញ្ហាអ៊ុយក្រែន គឺមានសភាពធ្ងន់ធ្ងរពិបាកប្រដូចណាស់ ក្នុងប្រវត្តិសាស្ត្រ ហើយកំហុសតែបន្តិចអាចនាំឲ្យមានមហន្តរាយបាន៕

