ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ, បានអនុម័តគម្រោងថ្មីចំនួន ២៦ គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណជិត ២៥ ពាន់កន្លែង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ មានចំនួនសរុប ២៨ គម្រោង ក្នុងនោះអនុម័តគម្រោងថ្មីចំនួន ២៦ គម្រោង និងគម្រោងពង្រីកផលិតកម្ម ចំនួន ២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៤៤៣ លានដុល្លារអាម៉េរិក ដោយនៅក្នុងចំណោមគម្រោងវិនិយោគសរុបនេះ ចំពោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៦ គម្រោង និងគម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២២ គម្រោង។
ជុំវិញការវិនិយោគនេះ ចំពោះគម្រោងដែលមានភាពលេចធ្លោជាងគេប្រចាំខែ កញ្ញា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិ ព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម ១២,៥ លានដុល្លារអាម៉េរិក។
ចំណែកនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ខេត្ត ពោធិ៍សាត់ មានទុនវិនិយោគប្រមាណជាង ៧០ លានដុល្លារអាម៉េរិក។ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អ៊ិនធើណេសិន ណល មានទីតាំងស្ថិតស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥៥ លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគបង្កើតរោង ចក្រផលិតដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុន វិនិយោគប្រមាណជាង ៣៨ លានដុល្លារអាម៉េរិក ។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ ប្រភេទគ្មានជាតិអាល់កុល និងអាហារគ្រប់ប្រភេទ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណ ជាង ៣៧ លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាត ធេន ក្នុងទុនវិនិយោគប្រមាណជាង ២០ លានដុល្លារអាម៉េរិក ។
សូមបញ្ជាក់ថា ក្នុងខែ កញ្ញា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែកជាង ៣៨ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុក គ្របដណ្តប់ជិត ៣៣ ភាគរយ នៃទុនវិនិយោគសរុប៕
អត្ថបទ៖ សុន រ៉ាឌី


