នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal នៅថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ជាការជជែកគ្នាដែលលោកបាននិយាយថា នឹងផ្តោតលើកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខថាមពល និងការគាំទ្រដល់ផែនការសន្តិភាពរបស់ទីក្រុងគីវ។
លោក Fico គឺជាអ្នករិះគន់ដ៏សំខាន់ ចំពោះការផ្ដល់ជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន រួមជាមួយនឹងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban។ ហើយភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា ការចរចាកំពុងប្រព្រឹត្តទៅនៅទីណា។
លោក Shmyhal បានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «ពួកយើងនឹងផ្តោតលើការពិភាក្សាអំពីផែនទីបង្ហាញផ្លូវ។ នេះរួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងសន្តិសុខថាមពល។ ផ្នែកសំខាន់នៃការនាំចូលអគ្គិសនីរបស់អ៊ុយក្រែន គឺមកពីប្រទេសស្លូវ៉ាគី ដែលមិនដែលបដិសេធទាល់តែសោះ ក្នុងការជួយពួកយើង»។
គួរបញ្ជាក់ថា ស្លូវ៉ាគី ដែលជាសមាជិករបស់អង្គការណាតូ (NATO) និងសហភាពអឺរ៉ុប (EU) ដែលមានព្រំដែនជាប់អ៊ុយក្រែន ជំទាស់នឹងការចូលជាសមាជិករបស់ទីក្រុងគីវ ក្នុងអង្គការណាតូ ប៉ុន្តែមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបន្តរក្សាការដឹកជញ្ជូនឆ្លងកាត់នូវប្រេង និងឧស្ម័នពីរុស្ស៊ីទៅប្រទេសអឺរ៉ុបភាគខាងលិច តាមរយៈអ៊ុយក្រែន៕

