អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ បានឲ្យដឹងថា ទឹកជំនន់ និងគ្រោះរាំងស្ងួតដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ គឺជា «សញ្ញាគ្រោះថ្នាក់» នៃអ្វីដែលនឹងកើតមាន ខណៈដែលបម្រែបម្រួលអាកាសធាតុធ្វើឲ្យវដ្តទឹករបស់ភពផែនដីកាន់តែមិនងាយទាយទុកជាមុនបាន។
អង្គការឧតុនិយមពិភពលោក (WMO) របស់ UN បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា កាលពីឆ្នាំមុន ទន្លេនានានៅលើពិភពលោក រីងហួតក្នុងកម្រិតច្រើនបំផុត ក្នុងរយៈពេលជាង ៣០ឆ្នាំ ផ្ទាំងទឹកកកបានរលាយក្នុងបរិមាណដ៏ច្រើនបំផុត ក្នុងរយៈពេលកន្លះសតវត្សរ៍ ហើយទឹកជំនន់ក៏មានច្រើនផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអមដោយរបាយការណ៍ស្ថានភាពនៃធនធានទឹកសកល អគ្គលេខាធិការរបស់ WMO លោកស្រី Celeste Saulo បានលើកឡើងថា៖ «ទឹកប្រៀបដូចជាសត្វចាប នៅក្នុងអណ្ដូងរ៉ែធ្យូងថ្ម ដោយសារតែបម្រែបម្រួលអាកាសធាតុ»។ លោកស្រីបានបន្ថែមថា៖ «យើងទទួលបានសញ្ញាដ៏អាក្រក់ ជាទម្រង់នៃការភ្លៀងធ្លាក់ ទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែខ្លាំងឡើងៗ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ច»។
លោកស្រី Saulo បានបញ្ជាក់ថា៖ «ការឡើងកម្ដៅនៃបរិយាកាសផែនដី បានធ្វើឲ្យវដ្តទឹកកាន់តែខុសប្រក្រតី និងមិនងាយទាយទុកជាមុនបាន ហើយយើងកំពុងប្រឈមនឹងការកើនឡើងនូវស្ថានភាព ដែលមានទឹកច្រើនពេក ឬតិចពេក»។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន គឺជាពេលវេលាក្តៅបំផុត ក្នុងកំណត់ត្រា។ សីតុណ្ហភាពខ្ពស់ និងស្ថានភាពអាកាសធាតុស្ងួតដែលកើតមានគ្រប់ទីកន្លែង បានបង្កឲ្យមានគ្រោះរាំងស្ងួតរយៈពេលយូរ។ ហើយទឹកជំនន់ក៏កើតមានច្រើនផងដែរ នៅជុំវិញពិភពលោក៕


