អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ បានដាក់បេក្ខភាពឈរឈ្មោះប្រជែងតំណែងអភិបាលក្រុង នៅក្នុងតំបន់ដែលលោកមានឥទ្ធិពល គឺនៅភាគខាងត្បូងទីក្រុង Davao។ នេះបើយោងតាមជំនួយការជិតស្និទ្ធរបស់លោក គឺសមាជិកព្រឹទ្ធសភា លោក Bong Go។
ការដាក់ឯកសារនេះ បង្ហាញពីការវិលត្រឡប់ចូលឆាកនយោបាយវិលរបស់អតីតមេដឹកនាំរូបនេះ ដោយជ្រើសរើសឈរឈ្មោះក្នុងតំណែងនៅមូលដ្ឋានដែលលោកធ្លាប់កាន់ ជំនួសឲ្យការប្រជែងអាសនៈជាតិ។ ប្រព័ន្ធផ្សព្វផ្សាយ GMA News បានរាយការណ៍ដោយឡែកពីគ្នាថា កូនប្រុសរបស់លោក ដែលជាអភិបាលក្រុង Davao លោក Sebastian Duterte បានដាក់បេក្ខភាពតំណែងអភិបាលក្រុងរង។
នៅមុននេះ អតីតអ្នកនាំពាក្យរបស់លោក Duterte គឺលោក Salvador Panelo បាននិយាយថា អ្នកនយោបាយទាំង២ ដែលជាឪពុក និងកូន កំពុងពិចារណាក្នុងការប្រជែងកៅអីព្រឹទ្ធសភា។ បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៥ មានរយៈពេលរហូតដល់ថ្ងៃទី៨ ខែតុលា ដើម្បីដកខ្លួន និងដាក់បេក្ខភាពជំនួសពួកគេ។
ត្រកូលរបស់លោក Duterte កំពុងប្រឹងប្រែង ដើម្បីមានឥទ្ធិពលនយោបាយ បន្ទាប់ពីការចងសម្ព័ន្ធភាពរបស់ពួកគេជាមួយប្រធានាធិបតី លោក Ferdinand Marcos Jr បានជួបនឹងការបែកបាក់ដោយសារតែការខ្វែងគំនិតគ្នាលើគោលនយោបាយ ក្នុងនោះរួមទាំងទំនាក់ទំនងជាមួយប្រទេសចិន និងការផ្លាស់ប្តូររដ្ឋធម្មនុញ្ញផងដែរ៕