សម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រង់ស៊ីស នៅថ្ងៃចន្ទ (ទី៧ ខែតុលា) នេះ បានរិះគន់នូវអ្វីដែលព្រះអង្គហៅថា «ការខ្វះនូវសមត្ថភាពដ៏គួរឲ្យអាម៉ាស់» របស់សហគមន៍អន្តរជាតិ ដែលមិនអាចបញ្ចប់សង្រ្គាម នៅតំបន់មជ្ឈិមបូព៌ា ដែលចូលដល់រយៈពេល ១ឆ្នាំហើយ បន្ទាប់ពីមានការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល។
នៅក្នុងលិខិតចំហរមួយផ្ញើទៅកាន់អ្នកកាន់សាសនាកាតូលិក ក្នុងតំបន់ ព្រះអង្គបានសរសេរថា៖ «កាលពីមួយឆ្នាំមុន កំហឹងនៃការស្អប់ខ្ពើមត្រូវបានដុតបញ្ឆេះឡើង ហើយវាមិនបានថមថយនោះទេ ប៉ុន្តែបានផ្ទុះឡើងទៅជារង្វង់នៃអំពើហិង្សា»។
ព្រះអង្គបានរៀបរាប់ទៀតថា៖ «វាហាក់ដូចជាមានមនុស្សតិចណាស់ដែលខ្វល់ខ្វាយអំពីអ្វីដែលត្រូវការបំផុត និងអ្វីដែលចង់បានបំផុត នោះគឺការសន្ទនា និងសន្តិភាព។ អំពើហិង្សាមិនដែលនាំមកនូវសន្តិភាពនោះឡើយ។ ប្រវត្តិសាស្ត្របង្ហាញឲ្យឃើញយ៉ាងច្បាស់ពីរឿងនេះ ប៉ុន្តែការមានជម្លោះជាច្រើនឆ្នាំ ហាក់បីដូចជាមិនបានបង្រៀនអ្វីសោះដល់ពួកយើង»។
សម្ដេច ប៉ាប ដែលបានយកថ្ងៃចន្ទជាថ្ងៃតមអាហារ និងការអធិដ្ឋាន ដើម្បីឲ្យមានសន្តិភាព សម្រាប់សាសនាកាតូលិកទូទាំងពិភពលោកផងដែរនោះ បានមានព្រះបន្ទូលយ៉ាងបើកចំហ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អំពីជម្លោះហាម៉ាស-អ៊ីស្រាអែល ហើយបានរិះគន់ខ្លាំងឡើងៗ ចំពោះយុទ្ធនាការយោធារបស់អ៊ីស្រាអែល។
កាលពីថ្ងៃទី២៩ ខែកញ្ញា បុព្វជិតដែលមានព្រះជន្ម ៨៧ព្រះវស្សា បានរិះគន់ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅប្រទេសលីបង់ ដែលបានសម្លាប់មេដឹកនាំក្រុមហេសបូឡា គឺលោក Sayyed Hassan Nasrallah ក៏ដូចជាអ្នកមិនមែនសមាជិកនៃកងកម្លាំងយោធា ដោយព្រះអង្គបានលើកឡើងថា ការវាយប្រហារតាមអាកាសនោះ បានធ្វើជ្រុល «ហួសពីសីលធម៌»៕