អ៊ីស្រាអែលបានប្រារព្ធពិធីរំឭកវិញ្ញាណក្ខន្ឌដល់ជនរងគ្រោះនៃការសម្លាប់រង្គាល និងការចាប់ពង្រត់ពីសំណាក់ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ដែលបានដុតបញ្ឆេះឲ្យមានការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប និងលីបង់ រហូតមកដល់ពេលបច្ចុប្បន្ន។

មួយឆ្នាំ ក្រោយមកពីការវាយប្រហារ ដែលបានសម្លាប់មនុស្សប្រហែល១.២០០នាក់ និង២៥១ នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាថានឹងបញ្ឈប់មិនឲ្យមានការវាយប្រហារបែបនេះម្តងទៀតឡើយ ដោយនិយាយថាកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែលកំពុងផ្លាស់ប្តូរការពិតផ្នែកសន្តិសុខរបស់ដែនដីមួយនេះ។

យោងតាមក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ មក មនុស្សជិត៤២.០០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារមិនរើសមុខរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សា។

ខណៈកំពុងប្រារព្ធខួបមួយឆ្នាំនៃសង្រ្គាម អ៊ីស្រាអែលបាននិយាយថា ខ្លួនបានស្ទាក់ចាប់រ៉ូកែតជាង ១០០ គ្រាប់ដែលបាញ់ដោយក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ ក៏ដូចជាគ្រាប់ផ្លោងដែលបាញ់ដោយក្រុមហ៊ូធីរបស់យេម៉ែន និងពីក្រុមហាម៉ាសនៅហ្កាហ្សា។
កាលពីខែតុលាឆ្នាំមុន ក្រុមខ្មាន់កាំភ្លើងហាម៉ាសនៅតំបន់ហ្កាហ្សាបានទម្លាយរបងព្រំដែន ចូលវាយលុកតាមភូមិក្បែរៗនោះ ប៉ុស្តិ៍យោធា និងព្រឹត្តិការណ៍មហោស្រពតន្ត្រី Nova របស់អ៊ីស្រាអែល ។

កាលពីថ្ងៃចន្ទ ក្រុមគ្រួសាររបស់អ្នកស្លាប់រាប់រយនាក់ និងមនុស្សរាប់សិបនាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងនៅក្នុងព្រឹត្តិការណ៍នោះ បានប្រមូលផ្តុំគ្នានៅទីតាំងនោះទាំងព្រឹកព្រលឹមសម្រាប់ព្រឹត្តិការណ៍រំឭកវិញ្ញាណក្ខន្ឌឆ្នាំដំបូងនៃសោកដនាកម្មនោះ ហើយក៏មានជាការតវ៉ានៅទូទាំងអ៊ីស្រាអែលផងដែរ៕